(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅសាលាខេត្តឧត្តរមានជ័យ រៀបចំកម្មវិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ័ក្រហម ៨ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។
ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោម អធិបតីភាពលោក ស ថាវី អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា សាខាខេត្តឧត្តរមានជ័យ និងសមាជិក សមាជីការ មន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្តើម លោកស្រី ឯក សុវណ្ណភារៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ថ្លែងសុន្ទរកថា សា្វគមន៍ចំពោះវត្តមានគណៈអធិបតី ភ្ញៀវកិត្តិយស អំពីដើមចមដែលធ្វើឲ្យមានកម្មវិធីនេះឡើង ដោយផ្អែកតាមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក តូច គន្ធា ហិរញ្ញឹកគណៈកម្មាធិការសាខា បានធ្វើរបាយការណ៍សកម្មភាព និងរបាយការណ៍ហិញ្ញវត្ថុអំពីចំណូល-ចំណាយជូនប្រធានកិត្តិយសសាខាកាកបាទក្រហមចាប់ពីខែឧសភា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ និងប្រវត្តិសាខាកាកបាទក្រហមខេត្តឧឧត្តរមានជ័យ បានចាប់ផ្តើមដំណើរការពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០០០ តាមសេចក្តីសម្រេចប្រកាសតែងតាំងលេខ០៩៦ កក្រករចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០។
ជាមួយគ្នានោះ លោក ស ថាវី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តឧត្តរមានជ័យ បានលើកឡើងថា សព្វថ្ងៃនេះកំពុងអនុវត្តការងារទៅតាមទស្សនៈវិស័យរបស់កាកបាទក្រហមកម្ពុជា ចូលរួមពន្លឿនកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងតម្លៃមនុស្សធម៌ និងកំពុងអនុវត្តការងារស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា។
លោកប្រធានកិត្តិយសរូបនេះ បញ្ជាក់ថា ការងារស្នួលរួមមាន ទី១៖ការតៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ, ទី២៖ការលើកកំពស់សុខភាព និងការថែទាំសុខភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍, ទី៣៖ការលើកកំពស់តម្លៃមនុស្សធម៌, ទី៤៖ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន។
បើតាមលោក ស ថាវី សាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ កំពុងអនុវត្តការងារដោយផ្អែកលើគោលការណ៍គ្រឹះទាំង៧ គឺមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹត្យភាព, ឯករាជ្យភាព, សេវាកម្មស្មគ្រ័ចិត្ត, ឯកភាព, និងសកលភាព។ ចំពោះការងារហិរញ្ញវត្ថុ គិតចាប់ពីខែឧសភា ឆ្នាំ២០១៦ ដល់ខែមេសា ឆ្នាំ២០១៧ គឺមានថវិកាចំនួន១៤៣,៦២៥.៨១ដុល្លារ ចំណាយថវិកាសរុបគឺ៦៦,២៩១.៣៤ដុល្លារ សល់ជាក់ស្តែង៧៧,៣៣៤.៤៧ដុល្លារ៕