(មូស្គូ)៖ រដ្ឋមន្រ្តីការបទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅបន្ទាប់ពីជំនួបជាមួយសមភាគី អារ៉ាប៊ី សាអូឌីត ក្នុងទីក្រុងម៉ូស្គូថា ការលូកដៃរបស់អ៊ីរ៉ង់នៅក្នុងសង្រ្គាមស៊ីរី បានបង្កឱ្យមានការខ្វែងគំនិតគ្នាបន្តិចបន្តួចរវាងរុស្ស៊ី និង អារ៉ាប៊ី សាអូឌីត។ ទោះបីជាបែបនេះក្តីនរណាក៏ដឹងដែរថា ទីក្រុងរីយ៉ាត គឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលសុទ្ធតែចង់ឱ្យលោក បាស្សា អាល់ អាស្សាដ ចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនាឱកាសនោះដែររដ្ឋមន្ត្រីការបរទេស អារ៉ាប៊ី សាអូឌីត លោក Adel Jubeir បានសម្ដែងការជំទាស់ ទៅនឹងការជ្រៀតជ្រែកពីសំណាក់ទីក្រុងតេហេរ៉ង់ និងក្រុមឧទ្ទាមហេសប៊ូលឡា នៅក្នុងសង្រ្គាមស៊ីរី។ លោក Adel Jubeir លើកឡើងយ៉ាងដូច្នេះថា «យើងជឿជាក់ថា ពួកគេនឹងគ្មានកន្លែងឈរជើងនៅស៊ីរី និងនៅទូទំាងពិភពលោក ខណៈពួកគេបាននិងកំពុងពង្រីកឥទ្ធិពល និងបង្កឱ្យស្ថានភាពកាន់តែស្មុគស្មាញនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី លីបង់ និងយ៉េមែន។ ជាងនេះទៅទៀត អ្វីដែលគេមិនអាចប្រកែកបាន នោះគឺក្រុមឧទ្ទាមហេសប៊ូលឡា កំពុងធ្វើសកម្មភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា តាមការបង្គាប់បញ្ជារបស់អ៊ីរ៉ង់ ហើយយើងពិតជាចង់បញ្ចប់ការជ្រៀតជ្រែកបែបនេះនៅក្នុងតំបន់»។
បន្ថែមពីនេះទៀត លោក Sergey Lavrov នៅតែអះអាងថា ការធ្វើសកម្មភាពរបស់អ៊ីរ៉ង់ និងក្រុមហេសប៊ូលឡា ធ្វើឡើងតបតាមសំណើនៃរដ្ឋាភិបាលស៊ីរីតែប៉ុណ្ណោះ។ «យើងមិនបានមើលឃើញឡើយថា ហេសប៊ូលឡា ជាក្រុមអង្គការភេរវករ ហើយការធ្វើសកម្មភាពរបស់អ៊ីរ៉ង់ និងហេសប៊ូលឡា រួមទំាងរុស្ស៊ីនៅស៊ីរី គឺធ្វើឡើងតបតាមសំណើនៃ រដ្ឋាភិបាលស្របច្បាប់ស៊ីរី»។ នេះបើតាមសម្ដីលោក Lavrov។
គួរបញ្ជាក់ថា សង្រ្គាមស៊ីរីបច្ចុប្បន្នមិនមែនត្រឹមតែជាសង្រ្គាមរវាងក្រុមប្រឆាំងស៊ីរី និងកងកម្លាំងរដ្ឋាភិបាលស៊ីរីទៀតនោះទេ ប៉ុន្តែស៊ីរីនៅពេលនេះ បានក្លាយជាសមរភូមិពង្រីកឥទ្ធិពលរបស់មហាអំណាច ដែលគាំទ្រពីភាគីជម្លោះរៀងៗខ្លួន ជាក់ស្ដែងរុស្ស៊ី អ៊ីរ៉ង់ និងហេសប៊ូលឡា គំាទ្ររបបស៊ីរីរបស់លោក អាស្សាដ រីឯសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច នៅពីក្រោយក្រុមប្រឆាំងស៊ីរី និងតែងតែទាមទារឱ្យលោក អាស្សាដ ចុះចេញពីតំណែង៕