(ព្រៃវែង)៖ ក្នុងគ្រាចុះចែកមូលនិធិសម្ដេចក្រឡាហោម ស ខេង ដល់ស្ត្រីទើបសម្រាលបុត្ររួច ក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ចំនួន៤៨គ្រួសារ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន ស.ស.យ.ក ថ្លែងទៅកាន់ប្រជាជនតាមខ្នងផ្ទះថា «ការចែកមូលនិធិនេះ ពុំមែនជាការដើរទិញទឹកចិត្ត ឬទិញសន្លឹកឆ្នោត ពីប្រជាជននោះទេ»។
ការថ្លែងបែបនេះ របស់លោក ស សុខា គឺជាការបង្ការខ្លាចក្រែងបក្សនយោបាយដទៃ កេងចំណេញនយោបាយវាយប្រហារគណបក្សប្រជាជនកម្ពុជាថា សកម្មភាពចែកមូលនិធិនេះ ជាការដើរទិញទឹកចិត្ត ឬទិញសន្លឹកឆ្នោត ព្រោះការបោះឆ្នោតកាន់តែខិតមកដល់។ លោកបញ្ជាក់ថា ទាំងមូលនិធិ និងការដើរចែកដល់ខ្នងផ្ទះបែបនេះ ប្រព្រឹត្តទៅប្រហែល៤ឆ្នាំទៅហើយ ពុំមែនទើបតែធ្វើជិតបោះឆ្នោតនោះទេ ជាពិសេសមិនអាចហាមឃាត់ប្រជាជន មិនឲ្យសម្រាលបុត្រ ដោយលក្ខខណ្ឌការបោះឆ្នោតជិតមកដល់ដែរ ដែលនេះជាសិទ្ធិរបស់ពលរដ្ឋ។
អ្នកតំណាងរាស្ត្ររូបនេះ បន្តថា មូលនិធិនេះ ពុំមែនជាថវិការបស់រដ្ឋាភិបាលនោះទេ គឺជាថវិការបស់មូលនិធិ ដែលចូលរួមដោយក្រុមការងារ និងសប្បុរសជនប្រកបដោយស្មារតីសាមគ្គី គិតគូរអំពីការលំបាករបស់ប្រជាជន ហើយលោកសង្កត់ធ្ងន់ថា ទោះជាមូលនិធិនេះ ផ្ដើមដោយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា តែពុំបានប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។
ក្នុងពេលជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាជន លោកថា អ្នកធ្វើតែងមានកំហុសខ្លះ ឯអ្នកមិនធ្វើទេដែលមិនចេះខុស ប៉ុន្តែបើធៀបគ្នារវាងគណបក្សដឹកនាំប្រទេសតែមានចន្លោះប្រហោងខ្លះ និងគណបក្សដែលចាំតែថា គឺមានតែគណបក្សដឹកនាំប្រទេសទេ ដែលបានរំកិលប្រទេសឲ្យអភិវឌ្ឍជាបន្តបន្ទាប់ និងកែទម្រង់ឲ្យកាន់តែប្រសើរឡើងទៀត។ បន្ថែមពីនេះ លោកបានថ្លែងអំណរគុណចំពោះប្រជាជនដែលតែងតែគាំទ្រ បន្តគាំទ្រ និងងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសារមើលឃើញថា គណបក្សប្រជាជនដើរលើផ្លូវត្រូវ។
លោក សែម គន្ធា ជំនួយការលោក ស សុខា បានថ្លែងថា មូលនិធិនេះ ផ្ដល់ជូនស្ត្រីសម្រាលបុត្រចំនួន២០ម៉ឺនរៀល បូកនិងលិខិតអបអរសាទររបស់សម្ដេចក្រឡាហោម ស ខេង ១សន្លឹកដែរ និងគ្រួសារដែលមានសមាជិកទទួលមរណភាពចំនួន២០ម៉ឺនរៀល អមដោយលិខិតរំលែកទុក្ខមួយច្បាប់ដែរ ហើយបច្ចុប្បន្នមូលនិធិនេះ ដំណើរការក្នុងខេត្តព្រៃវែង និងបាត់ដំបង៕