(ភ្នំពេញ)៖ មន្ទីពេទ្យជោរៃភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធីពិនិត្យ ព្យាបាល និងផ្ដល់ថ្នាំដោយឥតគិតថ្លៃដល់អ្នកជំងឺ (ថ្មី) ជំងឺរលាកច្រមុះចំនួន៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយមានការពិនិត្យ និងព្យាបាលបានដោយផ្ទាល់ពីសំណាក់ លោកវេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
កម្មវិធីមនុស្សធម៌នេះ ធ្វើឡើងក្នុងការចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាសទទួល បានការថែទាំសុខភាព ប្រកបដោយគុណភាពពីសំណាក់លោកវេជ្ជបណ្ឌិតឯកទេសវៀតណាមដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីពេទ្យជោរៃក្នុងទីក្រុងភ្នំពេញ។ ជាងនេះទៅទៀត គឺបានជួយឲ្យប្រជា
ពលរដ្ឋយល់កាន់តែច្បាស់ អំពីសារសំខាន់នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាលឲ្យបានសមស្របបំផុត។
លោកវេជ្ជបណ្ឌិត ជិន អាញ់ប៊ិច ឯកទេសជំងឺរលាកច្រមុះ បានថ្លែងឲ្យដឹងថា ជំងឺរលាកច្រមុះគឺជាជំងឺម្យ៉ាងដែលបែងចែកជាពីរគឺរលាកច្រមុះរាំរៃ និងរលាកភ្លាមៗ ការរលាកភ្លាមៗនេះអាចមកពីអាឡាក់ស៊ីជាមួយនឹងក្លិនផ្សេងរួមមានខ្លិនផ្កា ខ្លិនទឹកអប់ជាដើម ក្នុងករណីនេះប្រសិនបើមិនបានព្យាបាលឲ្យបានដិតដល់នោះទេ នោះនឹងបណ្ដាលឲ្យរលាករារៃ ឬរលាកដល់ក្នុងឆ្អឹង។
លោកបានបន្ដថារោគសញ្ញាដែលបញ្ជាក់ថាកើតជំងឺរលាកច្រមុះរួមមាន ការរមាស់ក្នុងច្រមុះ ហៀរសំបោរ កណ្ដាស់ជាដើម។ ដើម្បីការពារកុំឲ្យមានជំងឺរលាកច្រមុះនេះយើងមានវិធីសាស្រ្ដជាច្រើនរួមមាន ការតមមិនពិសារទឹកកក ទឹកក្លាសេដែលត្រជាក់ៗ ហើយប្រសិនបើយើងអាឡាក់ស៊ីជាមួយក្លិនទឹកអប់ ក្លិនផ្កាជៀសវាងកុំស្រូបក្លិននេះ មួយវិញទៀតត្រូវឧស្សាហ៍បោកពូក ភួយ ខ្នើយ មុង ឲ្យបានទៀតទាត់ព្រោះវាជាហេតុផលមួយដែលបណ្ដាលឲ្យកើតមានជំងឺច្រមុះ និងគេងដោយប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលមានបរិមាណត្រជាក់ល្មម។
លោកបានបញ្ជាក់ទៀតថា ជំងឺរលាកច្រមុះនេះ បានផ្ដល់ផលពិបាកយ៉ាងច្រើនដល់អ្នកជំងឺរួមមាន ការតឹងច្រមុះ ឈឺក្បាល ក្ដៅខ្លួន ហើយក្នុងករណីដែលមានបញ្ហាទាំងនេះ យើងគួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីព្យាបាល និងប្រឹក្សាយោលបល់។
សូមបញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាលបាលជំងឺសប្បុរសធម៌ស្រដៀងនេះ នឹងមានការរៀបចំឡើងជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា ដើម្បីជួយដល់ ប្រជាពលរដ្ឋដែលមានជំងឺ ដោយការពិនិត្យ ព្យាបាល និងចែកថ្នាំដោយឥតគិតថ្លៃ៕