(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ដល់ឯកអគ្គរាជទូតខ្មែរ ដែលប្រចាំការនៅបរទេសទាំងអស់ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ហើយត្រូវយកចិត្តទុកដាក់ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសម្ចាស់ផ្ទះ និងស្ថានទូតប្រទេសដទៃ ដើម្បីលើកស្ទួយកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ។
សម្ដេចណែនាំដូច្នេះ ក្នុងឱកាសជួបជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាចំនួន៦រូប ដែលទើបត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងថ្មីចំនួន៦រូប នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានព្រឹទ្ធសភា មុនពេលចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសចំនួន៦។
សម្តេច សាយ ឈុំ បានក្រើនរំឭកថា «នៅពេលបំពេញការងារ ឯកអគ្គរាជទូតទំាងអស់ សូមគិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋខ្មែរ ពលករខ្មែរ ដែលរស់នៅ ប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេស ដែលខ្លួនទទួលជាតំណាង ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសនោះ»។
សម្តេចបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ជូនដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយ ពន្យល់អំពីសភាពការណ៍នយោបាយ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជូនដល់សាធារណមតិជាតិ អន្តរជាតិ ជាពិសេសនៅប្រទេសដែលខ្លួនកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័ស ចំពោះសភាពការណ៍នយោបាយក្រៅប្រទេស ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យ បានកាន់តែច្រើន។
ឯកអគ្គរាជទូតថ្មីទាំង៦រូបនោះ រួមមាន លោកស្រី សឿង រដ្ឋចាវី ប្រចាំនៅចក្រភពអង់គ្លេស, លោក ហោ ណាំបូរ៉ា ប្រចាំនៅឥណ្ឌូនេស៊ី, លោកស្រី ទូច សុផារត្ន ប្រចាំនៅអាល្លឺម៉ង់, លោក ចេង ម៉ានិត ប្រចាំនៅឡាវ, លោក ស៊ិន ប៊ុនធឿន ប្រចាំនៅកូរ៉េខាងត្បូង និងលោក ងួន សុវេង ប្រចាំសិង្ហបុរី។
នាឱកាសនោះ សម្តេចវិបុលសេនាភក្តី បានសម្តែងនូវការអបអរសាទរ ចំពោះលោក លោកស្រីទាំង៦រូប ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសទាំង៦នេះ។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើដល់លោក លោកស្រីទាំង៦រូប ត្រូវយកចិត្តទុកដាក់ពង្រឹង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ទំាងវិស័យនយោបាយ ការបរទេស កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម។
ក្នុងឱកាសសម្តែងការគួរសមនោះ លោកស្រី សឿង រដ្ឋចាវី ជាតំណាងឯកអគ្គរាជទូតទំាងអស់បានប្តេជ្ញា នៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំបំពេញភារកិច្ចជាតំណាង ឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ទៅតាមច្បាប់ដែលបានកំណត់។ លោកស្រីបានសន្យាថា ឯកអគ្គរាជទូតទំាងអស់ នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញវិនិយោគិន អ្នកទេសចរ ឲ្យមកកម្ពុជាកាន់តែច្រើន៕