(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការងារនៅក្រៅប្រទេស គឺជាការខិតខំ របស់រាជរដ្ឋាភិបាល។ សម្តេចតេជោ បន្តថា រាជរដ្ឋាភិបាលប្រឹងណាស់ ដើម្បីឲ្យពលករខ្មែរទទួលបានភាពស្របច្បាប់ ដើម្បីបានធ្វើការ និងរស់នៅប្រទេសថៃ ក៏ដូចជាប្រទេសម៉ាឡេស៊ី។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលករវៀតណាមធ្វើការនៅប្រទេសកូរ៉េខាងត្បូង មានរហូតដល់១៣ម៉ឺននាក់ ខណៈកម្ពុជាមានត្រឹម ជាង៤ម៉ឺននាក់ប៉ុណ្ណោះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកំពុងពិចារណា ស្វែងរកទីផ្សារការងារជូនពលរដ្ឋខ្មែរ នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសសម្រាប់បងប្អូនខ្មែរឥស្លាម។
ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងខណៈសម្តេចអញ្ជើញចូលរួម នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់ និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងរបស់សាកលវិទ្យាល័យធនធានមនុស្ស នៅ វិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការងារខាងក្រៅ ក៏ជាផ្នែកនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រកការងារឲ្យប្រជាពលរដ្ឋផងដែរ។ នៅប្រទេសថៃ បងប្អួនខ្មែរយើងមួយចំនួនទៅពីមុននេះ ធ្វើការមិនស្របច្បាប់នៅក្នុងប្រទេសគេ រាជរដ្ឋាភិបាលបានប្រឹងណាស់ដើម្បីឲ្យពលកររបស់យើង ទទួលបាននូវ ភាពស្របច្បាប់ សម្រាប់ការេស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ នៅម៉ាឡេស៊ី ក៏ដូចគ្នា ខ្មែរយើងមួយចំនួនទៅទីនោះ ធ្វើការមិនស្របច្បាប់ រាជរដ្ឋាភិបាលបានប្រឹងប្រែង ជាមួយម៉ាឡេស៊ីដើម្បីឲ្យបងប្អូនទទួលបានការងារដោយស្របច្បាប់ ក្រៅពីនោះយើងកំពុងស្វែងរកកន្លែងការងារ។
កម្មកររបស់យើងពីប៉ុន្មានរយនាក់ អាលូវឡើងដល់៤ម៉ឺននាក់ នៅកូរ៉េខាងត្បូង។ ត្រូវចាំថា រវាងកូរ៉េខាងត្បូង គឺជាប្រកួតប្រជែងគ្នាជាច្រើន ដើម្បីបានគោលការណ៍ សម្រាប់ការងារធ្វើរបស់កម្មករ តាមប្រទេសមួយ។ ម្សិលមិញ ខ្ញុំបានសួរនាយករដ្ឋមន្រ្តី វៀតណាម ខ្ញុំបានសួរថា តើពេលនេះ ពលករវៀតណាមនៅកូរ៉េខាងត្បូង មានរហូតទៅ១៣ម៉ឺននាក់ តែកម្ពុជាយើងមានត្រឹមតែ៤ម៉ឺននាក់ ថៃក៏មានចំនួនច្រើន ដូចនេះ បងប្អូនយើងមួយចំនួន បង្អាប់រាជរដ្ឋាភិបាល កសាងចុះ កសាងឡើងទៅធ្វើ «ខ្ញុំគេ» ប៉ុន្តែគប្បី ត្រូវពិនិត្យមើលលំហរការងារ ដែលវាកាន់តែបើកទូលាយព្រំដែន នៃការធ្វើសមាហរណកម្មព្រំដែន និងទំនាក់ទំនងជាមួយបណ្តាប្រទេសនានា។ យើងកំពុងជំរុញ និងខិតខំរកការងារធ្វើជូនប្រជាពលរដ្ឋខ្មែរ»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសថៃ មិនមែនគ្មានកម្លាំងពលកម្មនោះទេ ប៉ុន្តែប្រទេសថៃ បានបញ្ជូនប្រជាពលរដ្ឋខ្លួនទៅធ្វើការ នៅប្រទេសមានប្រាក់ឈ្នួលកម្លាំងពលកម្មខ្ពស់ ហើយជំនួសដោយកម្លាំងពលកម្ម របស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្លៃពលកម្មទាប។
ជាថ្មីម្តងទៀតឆ្លើយតបនឹងសារឌឺដង របស់បក្សប្រឆាំង រឿងលោកស្រី អ៊ុង សានស៊ូជី អំពាវនាវឲ្យពលករមីយ៉ាន់ម៉ា ត្រឡប់ ទៅធ្វើការនៅក្នុងប្រទេសវិញនោះ សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យកាប់ថ្មចំណាំទុកថា ពលករមីយ៉ានម៉ា នឹងមិនត្រឡប់ ទៅវិញនោះឡើយ ព្រោះកម្លាំងពលកម្មនៅថៃខ្ពស់ជាងនៅមីយ៉ាន់ម៉ា។
សម្តេចតេជោ បានថ្លែងថា លំហូរថវិកាចំណូលរបស់ពលករនៅក្រៅប្រទេស ជាការរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ។ សម្តេច បានគូសបញ្ជាក់ថា ប្រទេសហ្វីលីពីន គឺជាប្រទេស មានពលករធ្វើការ នៅក្រៅ ប្រទេសច្រើនជាងគេ។ ឆ្លើយតបនិងការរិះគន់រឿងធ្វើពលករនៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូម្បីតែអាមេរិក ក៏ដើរធ្វើការស៊ីឈ្នួលនៅក្រៅប្រទេសដែរ។
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖