Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេធាវីគណបក្សប្រឆាំងអះអាងថា លោក ឡុង រី បាននិយាយការពិតប្រាប់តុលាការ អំពីអ្វីដែលលោក បានឃើញ បានដឹង និងបានលឺ (Video inside)

27-04-2017 14:18

(ភ្នំពេញ)៖ លោក សំ សុគង់ មេធាវីរបស់គណបក្សសង្រ្គោះជាតិ បានអះអាងថា លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បាននិយាយការពិតប្រាប់ដល់ តំណាងអយ្យការ អំពីអ្វីដែលលោកបានឃើញ បានដឹង និងបានលឺ ជុំវិញសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា។

ការអះអាងរបស់ លោក សំ សុគង់ បានធ្វើឡើងបន្ទាប់ពី លោក ឡុង រី ចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បីផ្តល់សក្ខីកម្មជូនតុលាការ អំពីសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ។

លោក សំ សុគង់ បានអះអាងយ៉ាងដូច្នេះថា៖ «ឯកឧត្តម ឡុង រី គាត់បំពេញភារកិច្ចទៅតាមច្បាប់ ទោះបីជាគាត់ជាតំណាងរាស្រ្តក៏ដោយ ក៏គាត់មិនបានបដិសេធ ក្នុងការចូល ខ្លួនជាសាក្សីនោះទេ ហើយអ្វីដែលឯកឧត្តម ឡុង រី គាត់បានមកបំភ្លឺ គឺបំភ្លឺនូវអ្វីដែលជាកាត្វកិច្ច ដែលសាក្សីត្រូវតែនិយាយនៅតុលាការតាមច្បាប់កំណត់ ជាពិសេសគាត់ បាននិយាយនូវអ្វីដែលគាត់ឃើញ បានដឹង បានលឺតែប៉ុណ្នឹង»។ ប៉ុន្តែទោះយ៉ាងណាលោកមិនបានបញ្ជាក់ថា លោក ឡុង រី បាននិយាយអ្វីប្រាប់តំណាងព្រះរាជ អាជ្ញារង សៀង​ សុខ នោះទេ។

សូមបញ្ជាក់ថា លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ បានចេញដីកាចំនួនដើម្បីកោះហៅ លោកស្រី មូរ សុខហួរ, លោក ឡុង រី និង លោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺចំពោះសំណុំរឿងបន្លំចូលពន្ធនាគារ។

លោក ឡុង រី ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺក្នុងនាមជាសាក្សី នៅថ្ងៃទី២៧ ខែមេសា ខណៈលោកស្រី មូរ សុខហួរ ត្រូវបានកោះហៅឱ្យចូលបំភ្លឺក្នុងនាមជាសាក្សីដូចគ្នា នៅថ្ងៃទី២៨ ខែមេសា។ ចំណែក លោក ជុន ច័ន្ទបុត្រ ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺក្នុងនាមជាជនសង្ស័យ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧៕