(តាកែវ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្សទាំងអស់គ្នា កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ដែលមានបំណងចង់បំផ្លាញសន្តិភាព និងត្រូវអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀន។
នាយឧត្តមសេនីយ៍ ថ្លែងបែបនេះក្នុងពិធីសម្ពោធឆ្លងសាលាមេគណខេត្តតាកែវ និងសមិទ្ធផលនានា ក្នុងវត្តតុំ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ប្រជាការពារ និងលោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ជាង១,៣០០នាក់ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។
លោកថ្លែងយ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវបដិវត្តពណ៌នៅកម្ពុជា ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបង្ក្រាបទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ចូលរួមថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្សទាំងអស់គ្នា កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា»។
លោកបានពន្យល់ប្រាប់ប្រជាពលរដ្ឋថា នៅប្រទេសណាក៏ដោយ នៅពេលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អហើយ ចង់កសាងអភិវឌ្ឍន៍អ្វីៗ ក៏អាចដំណើរការបានយ៉ាងរលូនដែរ រួមទាំងការបណ្ដាក់ទុកវិនិយោគបរទេសលើគ្រប់វិស័យ និងកំណើនរបស់ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាក្នុងប្រទេស។ ផ្ទុយទៅវិញ បើប្រទេសមួយមិនមានសុខសន្តិភាព មានសង្រ្គាមនោះ នាំឱ្យប្រទេសជាតិធ្លាក់នៅក្នុងគ្រោះមហន្តរាយខ្ទេចខ្ទី។
សុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះ ជាសមិទ្ធផលដ៏ធំធេង កើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ នៃការកសាង និងអភិវឌ្ឍប្រទេសរីកចម្រើន និងការរស់នៅយ៉ាងសុខសាន្តរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងថ្ងៃនេះ សមិទ្ធផលនានាបានកសាងឡើងក្នុងវត្ត មានអគារសាលាគណខេត្តតាកែវ ធ្វើអំពីបេតុងប្រក់ក្បឿង មានព្រះវិហារ អគារសិក្សា បណ្ណាល័យ ផ្លូវចូលវត្ត ស្រះទឹក ក្លោងទ្វារ ចាក់បេតុង សាលាធម្មសភា ចាក់ដី ចាក់សាប និងក្រាលការូឡាទីធ្លាវត្តតុំ។ ថវិកាចំណាយលើការកសាងសមិទ្ធផលនេះ លោក ហ៊ីង ប៊ុនហៀង និងលោកស្រី បានចំណាយថវិកាអស់ចំនួន ៥៨៧,៥០០ដុល្លាអាមេរិក និងមានការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងថ្នាក់ដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា និងអំណោយផលពីសន្តិភាព។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ក្រណាត់ស ជូនយាយជីតាជី ថវិការសម្ភារសិក្សាដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយឫទ្ធយុវជន យុវជនកាកបាទក្រហម ក្រុមប្រឹក្សាឃុំអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធ។ ប្រគេនបច្ច័យវត្តតុំ ២០លានរៀល និងឧបត្ថម្ភក្រុងដូនកែវ កុំព្យួទ័រ៥គ្រឿង និងម៉ូតូ២គ្រឿង ផ្ដល់ជូនគណបក្សខេត្តតាកែវ ម៉ាស៊ីនកុំព្យួទ័រ១គ្រឿង និងព្រីនធឺរ១គ្រឿង និងសាលាសង្កាត់ចំនួនបី ក្នុង១សង្កាត់ៗ ម៉ូតូហុងដា១គ្រឿង) និងថវិកា៥០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភសាលាបឋមសិក្សាវត្តតុំ ថវិកា២លានរៀលផងដែរ៕