(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានថ្លែងជំរុញឲ្យនិស្សិតពេទ្យ ត្រូវរៀនភាសាបារំាងឲ្យស្ទាត់ជំនាញ ដើម្បីបង្កើនភាពងាយស្រួល ក្នុងការស្រាវជ្រាវឱសថ គ្រប់ប្រភេទ យ៉ាងមានប្រសិទិ្ធភាព ពិសេសទទូលបានឱកាសច្រើន ទៅសិក្សារៀនសូត្រ នៅប្រទេសបារំាងផ្ទាល់តែម្ដង ។
រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល នៅថ្ងៃទី២៧មេសា ឆ្នាំ២០១៧នេះ ដែលមានការអញ្ជើញចូលរួម ពីឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារំាង ប្រចាំកម្ពុជា លោក Jean-Claude Poimboeuf ,លោកសាស្ដ្រាចារ្យសាផុន វឌ្ឍនៈសាកវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល, លោកបណ្ឌិត Alain Mérieux ប្រធានមូលនិធិមេរីយើ និងជាប្រធានវិទ្យាស្ថានមេរីយើ និងអ្នកចូលរួមជាច្រើនទៀត។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «និស្សិតពេទ្យរបស់យើង គាត់ពិតជាខិតខំប្រឹងប្រែងរៀនសូត្រណាស់ ហើយក៏ចេះនូវភាសាច្រើនផងដែរ ក្រៅពីភាសាកំណើតរបស់ខ្លួនដូច្នេះសូមកូនក្មួយនិស្សិត ត្រូវតែសិក្សាភាសាបារំាង ឲ្យស្ទាត់ជំនាញ ដើម្បីជាជំនួយចម្បង ក្នុងការស្រាវជ្រាវឱសថផ្សេងៗ និងទទួលបានឱកាសច្រើនទៅសិក្សាស្រាវជ្រាវ នៅក្រៅបារាំងផ្ទាល់តែម្ដង ដែលគេមាននូវសម្ភារៈគ្រប់គ្រាន់ជាច្រើនប្រភេទ ដើម្បីយើងជានិស្សិត ក្រេបនូវចំណេះដឹងទាំងនេះ កាន់តែប្រសើរមួយចំណែកទៀត»។
រដ្ឋមន្ដ្រីក៏បានថ្លែងលើកទឹកចិត្ត ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ខិតខំប្រឹងប្រែងបន្ថែមទៀត គឺត្រូវបន្តពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការផ្តល់ឱកាសដល់មន្រ្តី-បុគ្គលិក ក្នុងការសិក្សាបន្ត រយៈពេលវែង ឬខ្លី ដើម្បីអាចដកស្រង់បទពិសោធន៍ការងារស្រាវជ្រាវទំនើបៗ នៅតាមបណ្តាប្រទេសជឿនលឿន, ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីកៀងគរ ជំនួយបច្ចេកទេស និងថវិកាបន្ថែម ដើម្បីបម្រើដល់ការងារស្រាវជ្រាវ និងត្រូវពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត សម្រាប់បម្រើដល់ការងារស្រាវជ្រាវ និងបណ្តុះបណ្តាល ពិសេសក្រោយប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍រ៉ូដុលហ្វមេរីយើនៅកម្ពុជា ដែលត្រូវបានជួសជុលឡើងវិញក្រោមជំនួយឧបត្ថម្ភពីមូលនិធិមេរីយើ។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យសាផុន វឌ្ឍនៈ បានថ្លែងផងដែរថា «ការសម្រេចបាននូវសមិទ្ធិផលទាំងនេះរបស់មន្ទីរពិសោធន៍ គឺអាស្រ័យដោយមានការរួមចំណែកសហការបំពេញការងារ ពីសំណាក់ ថ្នាក់ដឹកនាំសាស្រ្តាចារ្យ មន្ត្រីរាជការទាំងអស់ ក្នុងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមការដឹកនាំផ្ទាល់ ពីក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំក្រួងសួងសុខាភិបាល ដែលតែងតែផ្តល់ការគាំទ្រ និងចង្អុលបង្ហាញផ្លូវប្រកបដោយភាពប៉ិនប្រសព្វ និងច្នៃប្រឌិតខ្ពស់ និងមានការសហការល្អ និងការឧបត្ថមគាំទ្រពីសំណាក់មូលនិធិមេរីយើ ដែលជានិច្ចកាលតែងតែជួយជ្រោមជ្រែង ដល់មន្ទីរពិសោធន៍ ទាំងផ្នែកបច្ចេកទេស និងថវិកា ពិសេសគឺការឧត្ថម្ភក្នុងការជួសជុលឡើងវិញ នៃមន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើនេះ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យនេះ យើងទាំងអស់គ្នា នឹងខិតខំប្រឹងប្រែងបន្ដទៀត ក្នុងការពង្រឹងធនធានមនុស្ស ឲ្យកាន់តែប្រសើរពីមួយកម្រិត ទៅមួយកម្រិតទៀត»។
មន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ បានចាប់សាងសង់លើកដំបូងនៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០០៥ ក្រោមជំនួយរបស់មូលនិធិមេរីយើអស់ទឹកប្រាក់ចំនួន៩៨ម៉ឺនដុល្លារ និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៥ ហើយគម្រោងស្រាវជ្រាវចំនួន១៥គម្រោង ត្រូវបានអនុវត្តនៅក្នុងមន្ទីរពិសោធន៍ក្នុងរយៈពេលកន្លងមក ដែលគម្រោងទាំងនេះ សុទ្ធតែទទួលបានមូលនិធិ សម្រាប់ការស្រាវជ្រាវពីម្ចាស់ជំនួយនានា ពីក្រៅប្រទេសសរុបជាងប្រហែល១លាន២សែនដុល្លារ។ មន្ទីរពិសោធន៍នេះ បានបណ្តុះបណ្តាលនិស្សិតសរុបចំនួន៤៦នាក់ ក្នុងនោះមាន និស្សិតកម្ពុជា ចំនួន៣៩នាក់ និងនិស្សិត មកពីប្រទេសបារំាងចំនួន៧នាក់ តាមរយៈការអនុវត្ត គម្រោងស្រាវជ្រាវដែលមាន។ និស្សិតចំនួន១៥នាក់ បានបញ្ចប់និក្ខេបបទថ្នាក់ឱសថបណ្ឌិត ឯកទេសដោយជោគជ័យ ហើយមាននិស្សិតមួយចំនួនទៀត កំពុងរៀបចំបញ្ចប់ និងត្រៀមការពារនិក្ខេបបទក្នុងពេលឆាប់ៗខាងមុខនេះ ពិសេសមន្ទីរពិសោធន៍ ក៏ត្រួវបានប្រើប្រាស់សម្រាប់ការអនុវត្តត្រាប់សម្រាប់និស្សិត ថ្នាក់ឯកទេសវេជ្ជជីវសាស្រ្តផងដែរ៕