(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានច្រានចោលសេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ដែលបានចោទប្រកាន់អាជ្ញាធរកម្ពុជាថា បានបំភិតបំភ័យ លោក ជុន ច័ន្ទបុត្រ និងបុគ្គលិកវិទ្យុអាស៊ីសេរីដទៃទៀត តាមរយៈចំណាត់ការផ្លូវច្បាប់ចំពោះករណីបន្លំខ្លួន ចូលពន្ធនាគារ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ករណីនេះ គឺជារឿងច្បាប់ និងតុលាការសុទ្ធសាធ មិនមែនជារឿងបំផិតបំភ័យនោះទេ។ លោកបញ្ជាក់ បើសិនជា លោក ជុន ច័ន្ទបុត្រ មិនបន្លំខ្លួនចូលពន្ធនាគារ ករណីមិនមានក្តីក្តាំនៅក្នុងតុលាការដែរ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីនេះទាក់ទងនឹងយុត្តាធិការតុលាការ ដូច្នេះមានតែទុកឱ្យតុលាការគេស្រាវជ្រាវតាមនីតិវិធីរបស់គេទៅ ទើបដឹងថា មានពិរុទ្ធភាពឬក៏អត់ ព្រោះគាត់ជាបុគ្គលិកអាស៊ីសេរី ប៉ុន្តែគាត់ទៅដាក់ថា ជាជំនួយការតំណាងរាស្រ្ត។ ជំនួយការតំណាងរាស្រ្តមានលិខិតច្បាស់លាស់ ដែលទទួលស្គាល់ ដោយប្រធានរដ្ឋសភា»។ លោកបន្តថា៖ «គ្មាននរណាគេរកហេតុផល ដើម្បីចាប់កំហុសគាត់ទេ បើគាត់មិនធ្វើខុស គ្មាននរណាគេទៅចាប់គាត់បាន»។

ចំណែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកថា ករណីរបស់លោក ជុន ច័ន្ទបុត្រ គឺគាត់មានចេតនាបង្ករឿងដោយខ្លួនឯង។ លោកថ្លែងថា «ខ្លួនគាត់ ជាអ្នកបង្ក ហើយថាគេមានចេតនាបំភ័យ។ បើ ជុន ច័ន្ទបុត្រ នៅតែការិយាល័យវិទ្យុអាស៊ីសេរី ហើយមិនបន្លំខ្លួនចូលពន្ធនាគារ គ្មាននរណាគេថាអ្វីនោះទេ»។

លោកបានបន្ថែមទៀតថា៖ «ជុន ច័ន្ទបុត្រ ខ្លួនឯងទេ ដែលមានកំហុស បងប្អូនដទៃទៀត នៅវិទ្យុអាស៊ីសេរី គេល្អទេ ដូច្នេះកុំនិយាយអាស៊ីសេរីទាំងមូល»

ប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ចេញសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ដោយចាត់ទុកថា វិធានការចំពោះ លោក ជុន ច័ន្ទបុត្រ ដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជាគឺជារឿងហួសហេតុ។ ជាមួយគ្នានេះ វិទ្យុអាស៊ីសេរី បានចាត់ទុកថា ចំណាត់ការរបស់តុលាការ ចំពោះ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា គឺជាចេតនាមួយរបស់អាជ្ញាធរកម្ពុជា ក្នុងការ បំភិតបំភ័យ លោក ជុន ច័ន្ទបុត្រ និងបុគ្គលិកអាស៊ីសេរី ឯទៀត ក្នុងពេលប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងរដូវកាលបោះឆ្នោត។

វិទ្យុអាស៊ីសេរីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «យើងខ្ញុំនៅអាស៊ីសេរី ចាត់ទុកការគំរាមកំហែងបែបនេះ ជាករណីធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្តី វាក៏មិនអាចរំខាន ឬរារាំងអ្នកសារព័ត៌មាន និងបុគ្គលិកអាស៊ីសេរី ដែលក្លាហានមោះមុតក្នុងការបំពេញភារកិច្ចយកព័ត៌មានពិត ឥតលាក់លៀម និងមិនលម្អៀង ជូនប្រជាពលរដ្ឋខ្មែរដែលត្រូវការព័ត៌មានពិត»។

សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ និង លោក គឹម សុខ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។

ចំពោះរឿងនេះ ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នគ្រប់គ្រងពន្ធនាគារ បានចោទប្រកាន់ថា ករណីនេះគឺជាការឃុបឃិតបោកបន្លំភ្នែកសមត្ថកិច្ច រវាងតំណាងរាស្រ្ត និង លោក ជុន ច័ន្ទបុត្រ ដែលបានប្រាសចាកនូវសីលធម៌ មិនអាចទទួលយកបាន។ តុលាការបានចេញដីកាកោះហៅ តំណាងរាស្រ្តទាំង២នាក់របស់គណបក្សសង្រ្គោះជាតិ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សី ហើយកោះហៅ លោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺ ក្នុងនាមជាជនសង្ស័យ នាថ្ងៃទី០២ ខែឧសភា ខាងមុខនេះ។

ពាក់ព័ន្ធនឹងករណីនេះដែរ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចូលបំភ្លឺជូនតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដើម្បីធ្វើជាសាក្សីនៅក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ដោយបានបញ្ចប់នៅវេលាម៉ោង១១៖០៥នាទីនាព្រឹកថ្ងៃទី២៧ ខែមេសាដដែលនេះ៕