(ម៉ានីឡា-ហ្វីលីពីន)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំគណៈប្រតិភូ សភាពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរៈកិច្ចអាស៊ានលើកទី៧០ នៅឯប្រទេសហ្វីលីពីន ដោយមានការចូលរួមវិស័យឯកជនទូទាំងតំបន់អាស៊ាន។ កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ នឹងធ្វើជារបាយការណ៍សង្ខេបជាក់លាក់ដាក់ស្នើសុំទៅកាន់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានដើម្បីជួយអន្តរាគមន៍ដោះស្រាយ។
របៀបវារៈសំខាន់នៅក្នុងកិច្ចក្រុមប្រឹក្សាពិគ្រោះយោបល់ធុរៈកិច្ចអាស៊ានលើកទី៧០នាពេលនេះ គឺក្រុមធុរៈកិច្ចមកពីប្រទេសក្នុងតំបន់អាស៊ានបានពិភាក្សាផ្លាស់ប្តូរយោបល់ និងលើកឡើងអំពីបញ្ហាប្រឈមនានាដែលជួបប្រទៈក្នុងតំបន់ទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្ម ជាពិសេសកិច្ចការងារទាក់ទិនការសម្របសម្រួលពាណិជ្ជកម្មនៅតាមព្រំដែនជាដើម។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរៈកិច្ចអាស៊ាន គឺបើកកិច្ចប្រជុំជាទៀងទាត់ជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ដែលផ្តោតលើ៖ ការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលវិស័យឯកនៅតាមបណ្តាប្រទេសអាស៊ានខិតខំប្រឹងប្រែងចូលរួមជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៅប្រទេស្វីលីពីនចាប់ពីថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៧។ កិច្ចប្រជុំនេះមានប្រធានបទ៖ រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក។
នៅពេលនោះ ថ្នាក់ដឹកនាំអាស៊ានក៏នឹងធ្វើការពិភាក្សាបញ្ហាជាសារវ័ន្តនានាដែលអាស៊ាន និងពិភពលោកកំពុងប្រឈមមុខ ដើម្បីលើកតម្កើង សន្តិភាព សន្តិសុខ និងវិបុលភាពថែមទៀតសម្រាប់តំបន់ និងពិភពលោក៕