(កំពង់ស្ពឺ)៖ ពីធីមង្គលការកូនកម្លោះកូនក្រមុំមួយគូ នៅភូមិបឹងរនាល ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រែក្លាយជាមានបញ្ហាឈឺក្បាលដ៏ស្មុគស្មាញ បន្ទាប់ពីមានក្រុមទំនើង២ក្រុម បើកឆាកប្រយុទ្ធគ្នាយ៉ាងរយ៉េរយ៉ៃពេញក្នុងរោងការ បណ្ដាលឲ្យគូជម្លោះម្នាក់ បានស្លាប់បាត់បង់ជីវិតតែមួយពព្រិចភ្នែក ហើយជនបង្កបានរត់គេចខ្លួនបាត់ ខណៈបក្ខពួកចំនួន៤នាក់ទៀត ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរចម្លើយ នៅអធិការដ្ឋាននគរបាលស្រុកគងពិសី។
ក្នុងពេលវាយតប់គ្នានោះ ជនដៃដល់ដែលជាភ្ញៀវខាងកូនកម្លោះ មកពីភូមិឫស្សីវាល ឃុំកក់ ស្រុកបរសេដ្ឋនោះ បានយកដែកឆាប់ចុងស្រួច ចាក់លើជនរងគ្រោះឈ្មោះ អ៊ុ នាង អាយុ៣៣ឆ្នាំ បណ្ដាលឲ្យស្លាប់តែម្ដង ដែលហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិបឹងរនាល ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ជាភ្ញៀវខាងកូនកម្លោះ បានឈ្លោះគ្នាជាមួយក្រុមជនរងគ្រោះ ជនដៃដល់ក៏ចាក់សម្លាប់ជនរងគ្រោះ ឈ្មោះ អ៊ុ នាង នឹងដែកឆាប បណ្ដាលឲ្យស្លាប់តែម្ដង។ ជនដៃដល់មានឈ្មោះ មឿក បញ្ញា អាយុ២២ឆ្នាំ រួមនិងបក្ស៤នាក់ទៀត។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលស្រុក តាមបញ្ជារបស់លោកឧត្តមសេនីយត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបក្ខពួកជនដៃដល់បានចំនួន ៤នាក់៖ ទី១.ឈ្មោះ សុខ ស៊ីណារ៉ាល់, ទី២.ឈ្មោះ ឃឹម សុខរ៉ាន់, ទី៣.ឈ្មោះ ហោ ចាន់ស៊ីណា និងទី៤.ឈ្មោះ គូ ប៊ុនរ៉ុង ទាំង៤នាក់ រីឯជនដៃដល់បានគេចខ្លួនបាត់ដោយសុវត្ថិភាព៕