(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ អធិការដ្ឋានចំការមន និងប៉ុស្តិ៍ផ្សាដើមថ្កូវ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានចុះឃាត់ខ្លួនជនអន្តោប្រវេសន៍ចំនួន១២នាក់ ក្នុងនោះមានវៀតណាម១៥នាក់ និងចិន២នាក់ ក្នុងសិប្បកម្មឈើធ្វើតុ ទូ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះចូលរួមដឹកនាំដោយ លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី និងលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។
លោកឧត្តមសេនីយ៍ទោបន្តថា ក្រោយពីធ្វើការសាកសួររួចហើយ កម្លាំងនគរបាលអន្តោប្រវេសន៍បានបញ្ជូនជនបរទេសទាំង១៧នាក់ខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
សូមជម្រាបថា កម្លាំងនគរបាលអន្តោប្រវេសន៍ កាលពីពេលកន្លងទៅ បានបណ្តេញជនជាតិវៀតណាម ចិន នីហ្សេរីយ៉ា ជនជាតិម៉ូណាកូ និងជនជាតិដទៃទៀត ចេញកម្ពុជាជាបន្តបន្ទាប់រួចមកហើយ៕