(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវលក្ខខណ្ឌថ្មីជាច្រើនចំណុចរឹតត្បិតការនាំចូលសត្វ និងសាច់សត្វគ្រប់ប្រភេទពីក្រៅប្រទេស ក្នុងបំណងទប់ស្កាត់សត្វមានជំងឺ និងសាច់សត្វខូចគុណភាពគ្រប់ប្រភេទ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុន និងអាជីវករដែលទទួលបានគោលការណ៍អនុញ្ញាតនាំចូលសត្វរស់ សាច់សត្វ រួមនិងផលិតផលសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៦រួមមាន៖
- ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់នៅមានសុពលភាព
- ត្រូវមានទីតាំងប្រមូលផ្តុំសត្វនៅចំណុចដើមទី និងចំណុចចុងទី ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ត្រូវមានកិច្ចសន្យាផ្គត់ផ្គង់សត្វរស់ ឬ សាច់សត្វ ឬ ផលិតផលសត្វពីកសិដ្ឋាន ឬ ក្រុមហ៊ុនស្របច្បាប់ នៃប្រទេសនាំចេញ
- ត្រូវអនុវត្តតាមប្រកាសលេខ២២៧ ប្រក.កសក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីបែបបទ នៃការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វក្នុងស្រុក
- ត្រូវចុះកិច្ចសន្យាសន្យាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវធានាអនុវត្តកិច្ចសន្យានេះ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស
- ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យប្រភពដើមនៃសត្វរស់ សាច់សត្វ និងផលិតផលសត្វ។
លោក វេង សាខុន បានគូសបញ្ជាក់ទៀត ក្រុមហ៊ុន និងអាជីវករ ដែលកំពុងមានបំណងនាំចូលសត្វរស់ សាច់សត្វ និងផលិតផលសត្វពីបរទេស ត្រូវបំបេញបែបបទ និងទំនាក់ទំនង ដើម្បីទទួលការណែនាំបន្ថែមនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងរយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។
លោករដ្ឋមន្រ្តី វេង សាខុន បានឲ្យដឹងថា ការកំណត់លក្ខខណ្ឌនេះ ដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យ នៃការឆ្លងរាលដាលនៃជំងឺសត្វ លើកកម្ពស់គុណភាពសាច់សត្វ និងចាត់ចែងពង្រឹងការអនុវត្តវិធានការអនាម័យស្របតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ បទដ្ឋានគតិយុទ្ធ និងគោលការណ៍ស្តង់ដារអនាម័យសត្វ ផលិតផលសត្វ ដែលតម្រូវឲ្យមានការត្រួតពិនិត្យដល់ប្រភពដើមពីគណៈកម្មការគ្រប់គ្រង។
របាយការណ៍របស់ក្រសួងកសិកម្ម ធ្លាប់បានឲ្យដឹងថា ការនាំចូលសត្វ សាច់សត្វក្នុងមួយឆ្នាំៗមានតម្លៃរាប់លានដុល្លារ ការនាំចូលសាច់សត្វពីក្រៅយ៉ាងគំហុកនោះ ក៏នាំឲ្យប៉ះពាល់ទីផ្សារចិញ្ចឹមនៅក្នុងស្រុកផងដែរ។ ប្រជាពលរដ្ឋខ្មែរអ្នកអាស្រ័យផលលើរបរចិញ្ចឹមសត្វ បានសម្តែងសាទរចំពោះវិធានការតឹងរឹងរបស់ក្រសួងកសិកម្មា លើអ្នកនាំចូលសត្វ និងសាច់សត្វ ហើយរំពឹងការអនុវត្តន៍មានប្រសិទ្ធភាពខ្ពស់៕