(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានស្ទាក់ចាប់បានរថយន្តទេសចរណ៍វៀតណាម១គ្រឿង ដែលបន្លំដឹកឈើប្រណិត លើកំណាត់ផ្លូវជាតិលេខ ៧៨ នៅភូមិបាណុល ឃុំទីងចាក់ ស្រុកបរកែវ ក្រោមរូបភាពដឹកភ្ញៀវប្រុងលោតឆ័ត្រឆ្លងទៅវៀតណាម។
នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក នូវ ដារ៉ា បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា មុននឹងចាប់រថយន្តនេះបាន កម្លាំងនគរបាលជំនាញបានស្រាវជ្រាវ ជាយូរមកហើយ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរង ទទួលបន្ទុក ព្រមទាំងមានការឯកភាពពី តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ផងនោះ ទើបកម្លាំងរបស់លោក ឈានដល់ការស្ទាក់ឃាត់រថយន្តនេះ ធ្វើការឆែកឆេររកឃើញឈើទាំងនោះតែម្ដង។ ក្រោយឆែកឆេររកឃើញឈើ កម្លាំងនគរបាលបាននាំយកវត្ថុតាង ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
លោកវរសេនីយ៍ឯក នូវ ដារ៉ា បានបញ្ជាក់ថា រថយន្តទេសចរណ៍កំហូចនេះ តែងតែទៅដឹកភ្ញៀវវៀតណាមតាមក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចនានា ហើយនាំទៅវៀតណាមវិញ ជាមួយឈើតូចធំជាបន្តបន្ទាប់ផងដែរ។
លោកនាយការិយាល័យរូបនេះ បានបន្ថែមថា ក្នុងរថយន្តទេសចរណ៍នោះ មានផ្ទុកមនុស្ស៩នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែមានតែកុងរថយន្តម្នាក់ និងព្រូម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចដឹកឈើប្រណិត។
ទោះយ៉ាងណា ចំនួនឈើប្រណិតពិតប្រាកដនៅក្នុងរថយន្តខាងលើ នៅមិនទាន់ដឹងនៅទេ បន្ទាប់ពីកម្លាំងនគរជំនាញ ធ្វើកំណត់ហេតុរួចរាល់ នឹងប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ចែងបន្តតាមច្បាប់ស្តីពីព្រៃឈើ៕