(ភ្នំពេញ)៖ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងជំរុញឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ លើការងារ ដែលថ្នាក់លើប្រគល់ជូន ដើម្បីបន្តនិរន្តរភាពការងារនេះ ឲ្យស្របទៅតាមទំនុកចិត្តថ្នាក់លើ ប្រគល់ជូន សម្រាប់រួមចំណែកអភិវឌ្ឍន៍ រាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើន។
នេះជាការលើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរការងារការ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ដោយមានការ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតចូលរួម។
លោក ឃួង ស្រេង អភិបាលរងរាជធានី បានលើកឡើងថា ក្នុងនាមជាប្រធានមន្ទីរថ្មី លោកត្រូវផ្តល់កិច្ចសហការល្អជាមួយ បណ្តាក្រសូង ស្ថាប័ន អង្គភាពរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញដទៃទៀត និងអង្គការសង្គមស៊ីវិល វិស័យឯកជន ជាពិសេសត្រូវចូលរួមអនុវត្តការងារឈរលើគោលការណ៍ រដ្ឋបាលឯកភាព ប្រកបដោយស្នារតីសាមគ្គី មិត្តភាព, ឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពអង្គភាពរបស់ខ្លួន ក៏ដូចជារដ្ឋបាលរាជធានី ភ្នំពេញទាំងមូល ហើយយើងទាំងអស់គ្នា ត្រូវចាត់ទុកថា សាមគ្គីផ្ទៃក្នុង គឺជាកត្តាជ័យជម្នះគ្រប់ភារកិច្ច ។
ពិធីប្រកាសតែងតាំងប្រធានមន្ទីរការងារការ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ គឺលោក ជូន វុឌ្ឍី ក្របខ័ណ្ឌ ក.២.៤ អនុប្រធានមន្ទីរការងាររាជធានីភ្នំពេញ ត្រូវបានតែងតាំង ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ជំនួសលោកនូ នីម ដែលបានចូលនិវត្តន៍។
លោកជូន វុឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញថ្មី បានថ្លែងថា ដើម្បីបន្តនិរន្តរភាព ឲ្យកាន់តែ មាន ប្រសិទ្ធភាព និងទំនុកទុកចិត្តរបស់ក្រសួង ដូចជា សាលារាជធានីភ្នំពេញ លោកបានប្តេជ្ញាចិត្តបំពេញការងារឲ្យអស់ពី សមត្ថភាពធ្វើយ៉ាងណា បង្កើនប្រសិទ្ធការងារ ឲ្យរីកចម្រើន ជាមួយនឹងថ្នាក់ក្រោម ក៏ដូចជាថ្នាក់លើប្រគល់ជូន៕