(ភ្នំពេញ)៖ ពិតជាព្រៃផ្សៃណាស់ ជនសង្ស័យដែលពុំស្គាល់ពីអត្តសញ្ញាណបានយកក្រម៉ាទៅចងរឹតក ខ្ទប់មាត់និងច្រមុះយុវតីវ័យ១៦ឆ្នាំម្នាក់ជាសិស្ស បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ ហើយយកទាំងគ្រឿងអលង្ការ រួមនិងទូរស័ព្ទ គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងដុតដៃ ដុតជើង ធ្វើស្រាវជ្រាវតាមចាប់ជនដៃដល់ជាឃាតុករ។
ករណីឃាតកម្មខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងរោងគោ តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាន ស្រីមុំ អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយឪពុកឈ្មោះ ទូ ល័សមាន និងម្ដាយឈ្មោះ ជីត ម៉ ជាខ្មែរឥស្លាម មានមុខរបរលក់សាច់គោ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ក្នុងក្រុមទី៦ ភូមិដើគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ឯក សេរីវុធ បានឲ្យដឹងទៀតថា បើតាមបុរសជាឪពុក និងស្ត្រីជាម្ដាយ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ នៅវេលាម៉ោងប្រហែល៧ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ថ្មីៗនេះ គាត់បានចេញពីផ្ទះ ដើម្បីទៅលក់សាច់គោដូចសព្វដង ហើយទុកកូន «សព» ឲ្យនៅចាំផ្ទះ សម្រាកក្នុងរោងទំលាក់គោតែម្នាក់ឯង ហើយក៍ព្រោះតែជាប់រវល់រៀនផង ខណៈដល់ម៉ោងប្រហែល១២ «បុរសជាឪពុកនិងម្ដាយ» បានខលទូរស័ព្ទ០១៦ ៤៥៣ ៤១៩ មករកកូនស្រី «សព» ដើម្បីឲ្យចាំយកលុយចំនួន១៩០០០០០រៀល ឲ្យទៅឈ្មោះ យឿន ថ្លៃគោ រួចក៍បិទទូរស័ព្ទតែម្ដង។
បុរសជាឪពុកម្ដាយ បានប្រាប់សមត្ថកិច្ចទៀតថា រហូតដល់ម៉ោង១៧ល្ងាច គាត់បានតេទូរស័ព្ទមកកូនស្រីម្ដងទៀត និងតេជាច្រើនលើក តែខលមិនចូលឡើយ ទើបមានការសង្ស័យខ្លាចក្រែងកូនស្រី «សព» កើតខ្យល់ ក៍បបួលប្ដីត្រឡប់មករោងគោវិញ។ លុះដល់ម៉ោងប្រហែលជា១៨ជាងព្រលប់ នៅថ្ងៃខែឆ្នាំដដែល គាត់ «ប្ដីប្រពន្ធ» ឃើញនៅរោងគោ មានភាពងងិតភ្លើង ហើយមានការសង្ស័យ ក៍ឡើងទៅមើលក្នុងរោងសម្រាក ស្រាប់តែឃើញកូនស្រីរបស់ខ្លួន «សព» ដេកផ្កាប់មុខនិងពូក ក្នុងសំលៀកបំពាក់ធម្មតា ហើយឃើញមានក្រម៉ាខ្មៅចងរុំបិទមាត់ ក៍សម្រេចលើកកូនស្រី«សព»ផ្ងារឡើង និងស្រាយក្រម៉ាចេញ ឃើញមានឈាមហូរចេញពីមាត់ និងមានស្នាមរយះលើផ្ទៃមុខ ទើបដឹងថាកូនស្រី«សព»បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌បាត់ទៅហើយ។
លោក ឯក សេរីវុធ បានឲ្យដឹងទៀតថា បន្ទាប់ពីកើតហេតុ ទាំងកម្លាំងនគរបាលខណ្ឌ ជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេសចក្ខុកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការចុះទៅធ្វើការត្រួតពិនិត្យលើសាកសព និងសន្និដ្ឋានវាយតម្លៃថា ជាករណីឃាតកម្ម ដោយជនរងគ្រោះ «សព» ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានយកក្រម៉ាមកចងរិតក ខ្ទប់មាត់ និងច្រមុះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនិងកន្លែងពិតប្រាកដមែន រួមទាំងបាត់បង់ទាំងកងដៃស្លាកទីនមួយឈុត «៤» និងទូរស័ព្ទដៃម៉ា iPhone៥ មួយគ្រឿងផងដែរ។
បច្ចុប្បន្ន សពរងគ្រោះ ក្រោយពីមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ ក៍ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ព្រមទាំងបន្តស៉ើបអង្កេត ដើម្បីស្វែងរកឃាតុករដៃដល់ ដែលបានសម្លាប់ជនរងគ្រោះ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕