Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្រ្ត ឡុង រី សម្រេចចូលបំភ្លឺជូនតុលាការក្រុងភ្នំពេញ ក្នុងនាមជាសាក្សីនៃសំណុំរឿង បន្លំខ្លួនចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ (Video inside)

27-04-2017 09:03

(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៩៖០០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចូលបំភ្លឺជូនតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីធ្វើជាសាក្សីនៅក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា។

លោក ឡុង រី ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ដើម្បីផ្តល់សក្ខីកម្មជូនតុលាការអំពីករណី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលពន្ធនាគារដោយបានប្រើប្រាស់តួនាទីជាជំនួយការអ្នកតំណាងរាស្រ្ត។

សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ និង លោក គឹម សុខ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។

ករណីនេះ ក្រសួងមហាផ្ទៃ ដែលជាអ្នកគ្រប់គ្រងពន្ធនាគារ បានចោទប្រកាន់ថា ជាការឃុបឃិតបោកបន្លំភ្នែកសមត្ថកិច្ច ហើយចោទតំណាងរាស្រ្តគណបក្សនេះ និង លោក ជុន ច័ន្ទបុត្រ ថាបានប្រាសចាកនូវសីលធម៌របស់ខ្លួន មិនអាចទទួលយកបាន។

ក្រៅពីកោះហៅ លោក ឡុង រី ឱ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែមេសានេះ តុលាការក៏បានកោះហៅ លោកស្រី មូរ សុខហួរ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សី នៅថ្ងៃទី២៨ ខែេមសា ផងដែរ។ ចំណែក លោក ជុន ច័ន្ទបុត្រ ត្រូវបានតុលាការកោះហៅ ឱ្យចូលបំភ្លឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ក្នុងនាមជាជនសង្ស័យ៕