(ភ្នំពេញ)៖ លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបន្ទាយមានជ័យ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញឲ្យចូលបំភ្លឺក្នុងនាមជាសាក្សី នាព្រឹកថ្ងៃទី២៧ ខែមេសានេះ ដើម្បីសាកសួរពីដំណើររឿង នៃបន្លំខ្លួនចូលពន្ធនាគាររបស់លោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ដែលត្រូវតុលាការកោះហៅក្នុងនាមជាជនសង្ស័យ នាព្រឹកថ្ងៃទី២ ខែឧសភា ខាងមុខ ។
នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អង្គភាពមាន Fresh News ឲ្យដឹងថា «សាក្សីដែលត្រូវបានកោះហៅដោយតុលាការ មានកាតព្វកិច្ចតាមផ្លូវច្បាប់៖ ១. ត្រូវចូលតាមការកោះហៅ! ២.ត្រូវបង្ហាញការពិតដល់តុលាការនូវអ្វីដែលខ្លួនបានដឹង! ប្រសិនបើមិនអនុវត្តនូវកាតព្វកិច្ចខាងលើនេះទេ គឺអាចប្រឈមនឹងមាត្រា ៥៣៨ និងមាត្រា ៥៤៥ នៃក្រមព្រហ្មទណ្ឌ!»។
លោក គឹម សន្តិភាព បានថ្លែងបញ្ជាក់ទៀតថា បើមិនចូលខ្លួន នៅថ្ងៃកោះហៅក្នុងនាមសាក្សី នោះជាបទល្មើសជាក់ស្តែង «បទបដិសេធក្នុងការចូលខ្លួន»!។ លោក បន្ថែមថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ពុំមានចែងហាមឃាត់មិនឲ្យមានការកោះហៅ តំណាងរាស្ត្រពីស្ថាប័នតុលាការនោះទេ។
មជ្ឈដ្ឋានមួយចំនួន នៅចាំបានថា លោក កឹម សុខា កាលនៅជាអនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសបដិសេធក្នុងការចូលខ្លួន នេះ ព្រោះខកខានមិនបានចូលបំភ្លឺក្នុងនាមជាសាក្សី ពាក់ព័ន្ធករណីអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ តែទោសនេះត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕