(ភ្នំពេញ)៖ លោក Mark Macdonald កីឡាករបាល់បោះជម្រើសជាតិកាណាដា ដែលជាកីឡាករដ៏ល្បីធ្លាប់លេងនៅ​លីគកំពូលអាមេរិក និងអាល្លឺម៉ង់ បានចំណាយពេល ៣ថ្ងៃលើទឹកដីកម្ពុជា ចាប់ពីថ្ងៃទី២៤-២៦ ខែមេសានេះ ដើម្បីចែករំលែកបទពិសោធន៍ដល់ក្រុមបាល់បោះជនពិការខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ នៅវិមានពហុកីឡដ្ឋានជាតិ ក្រោមការរៀបចំរបស់ស្ថានទូតកាណាដាប្រចាំនៅកម្ពុជា សហការជាមួយគណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហម(ICRC) និងទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងពិធីប្រកួតបាល់បោះមិត្តភាពរវាងក្រុមជនពិការខេត្តបាត់ដំបង និងខេត្តស្ទឹងត្រែង ទើបនឹងបញ្ចប់នាយប់ថ្ងៃទី២៦ ខែមេសានេះ លោក Francis Huot តំណាងស្ថានទូតកាណាដាប្រចាំនៅកម្ពុជា បានថ្លែងថាថា នេះគឺជាសកម្មភាពសប្បុរសធម៌មួយ ដើម្បីរួមចំណែកជាមួយ ICRC ជួយដល់ជនពិការនៅកម្ពុជា តាមរយៈការបោះជំរុំហ្វឹកហាត់កីឡាបាល់បោះ ដោយមានការចូលរួមពីកីឡាករដ៏ល្បីមកពីកាដាណា គឺលោក Mark Macdonald ដើម្បីបង្ហាត់បង្ហាញពីបច្ចេកទេសលេងបាល់បោះដល់ក្រុមកីឡាការិនីពិការប្រមាណ ១០០នាក់ ដែលមកពីខេត្តទាំងពីរខាងលើ។

ជាមួយគ្នានោះលោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងការគាំទ្រចំពោះការរៀបចំកម្មវិធី​របស់ស្ថានទូតកាដាណា ពិសេសគឺ ICRC ដែលតែងតែយកចិត្តទុកដាក់លើជនពិការកម្ពុជា ។ បន្ថែមលើនេះ លោកបានកោតសរសើរ ចំពោះកីឡាករ-កីឡាការិនីជនពិការទាំងអស់ ដែលព្យាយាមហ្វឹកហាត់លេងកីឡា ដើម្បីបន្ដក្ដីស្រម៉ៃរបស់ខ្លួន ។ ជាងនេះទៅទៀត លោកថែមទាំងបានជំរុញពួកគេឲ្យបន្ដការខិតខំហ្វឹកហាត់ ដើម្បីមានឱកាសចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ រួមទាំងព្រឹត្តិការណ៍ប្រចាំដំបូង ដូចជាការប្រកួតអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខផងដែរ។

យ៉ាងណាមិញក្រោយចំណាយពេល ៣ថ្ងៃ ដើម្បីចែករំលែកបទពិសោធន៍លើទឹកដីកម្ពុជា លោក Mark Macdonald បានបង្ហាញពីក្ដីរំភើបរីករាយ ចំពោះការបំពេញបេសកកម្មលើទឹកដីកម្ពុជានេះ ដោយសារភាពរួសរាយរាក់ទាក់​របស់ប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនីកម្ពុជា ។ លោកបានកោតសរសើរឆន្ទៈហ្វឹកហាត់របស់ក្រុម​បាល់បោះជនពិការកម្ពុជា ដែលព្យាយាមយ៉ាងយកចិត្តទុកដាក់ ហើយលោកក៏សប្បាយចិត្តក្នុងការចែករំលែកផងដែរ ។ លើសពីនេះ លោកក៏ឆ្លៀតពេលបង្ហាត់បង្ហាញពីបច្ចេកទេសមួយចំនួន ដល់ក្រុមបាល់បោះឈុតធំ ដែលកំពុងហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខ រួមទាំងក្រុមយុវជនទៀតផង ៕