(ព្រះវិហារ)៖ គ្រឿងសម្ភារសំណង់ជាច្រើនប្រភេទ សម្រាប់សាងសង់លំនៅដ្ឋាន ត្រូវបានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកជញ្ជូនយកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋក្រីក្រ ដែលខ្វះខាតថវិកាទិញគ្រឿងសំណងសាងសង់ផ្ទះ។ ការប្រគល់ជូននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានលើកឡើងថា ដោយអនុវត្តតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ក៏ដូចជាអនុវត្តតាមបទបញ្ជាររបស់មេបញ្ជាកាកងរាអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ហើយក្រៅពីកិច្ចការស្នូលក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ គឺមន្ត្រី និងពលអាវុធហត្ថគ្រប់រូបបានចូលរួមចំណែក ក្នុងកិច្ចការសង្គមជាច្រើន ដូចជាជួយសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ជួយបង្កបង្កើនផលប្រជាពលរដ្ឋជាប្រចាំ។
បើតាមលោកមេបញ្ជាការ ជាក់ស្ដែងនៅថ្ងៃនេះ អាវុធហត្ថបាននាំនូវសម្ភារៈសំណង់ជាច្រើនប្រភេទ មកប្រគល់ជូនគ្រួសារក្រីក្រ៣គ្រួសារ ដោយគ្រួសារទី១៖ឈ្មោះ រឿន ឆន ភេទស្រី អាយុ៣៥ឆ្នាំ ទទួលបានសង្ក័សី៣០សន្លឹក ដែកគោល៣សុង ដែកគោលមួក៣គីឡូ ដែកព្រំ៧ម៉ត្រ ជើងតាងសរសរ៩, គ្រួសារទី២៖ឈ្មោះ ខុន ហ៊ុន ភេទស្រី អាយ៣៥ឆ្នាំ ទទួលបានសង្ក័សី៣០សន្លឹក ដែកគោល៣សុង ដែលគោលមួក៣គីឡូ និងជើងតាងសរសរ៩ និងគ្រួសារទី៣៖ឈ្មោះ ព្រំ ធាន ភេទស្រី អាយុ៤០ឆ្នាំ ទទួលបានសង្ក័សី៣៥សន្លឹក ដែកគោល៣សុង ដែកគោលមួក៣គីឡូ ដែកព្រំ៧ម៉ែត្រ និងជើងតាងសរសរ១២។ លោកឧត្តមសេនីយ៍ត្រីរូបនេះ បញ្ជាក់ថា សម្ភារៈទាំងនេះទោះបីតិចតួចក្តី តែអាចជួយសម្រួលនូវការខ្វះខាត របស់បងប្អូនបានមួយគ្រាៗដែរ។
ជាការឆ្លើយតប ប្រជាពលរដ្ឋដែលទទួលបានអំណោយនេះ មានក្តីរំភើបរីករាយក្រៃលែង ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកមេបញ្ជាការ និងសហការី ដែលបានគិតគូយកចិត្តទុកដាក់ជួយគាត់ក្នុងគ្រាក្រលំបាក៕