(ព្រះវិហារ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការឃាត់ខ្លួន ដោយអនុវត្តន៍តាមដីការបស់សាលាដំបូងខេត្ត ហើយដកហូតបានថ្នាំញៀន៦កញ្ចប់ កាំភ្លើង២ដើម និងលុយមួយចំនួន។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភួមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។
លោកវរសេនីយ៍ត្រី រួន យ៉េត អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាក់ងារFresh Newsថា ការឃាត់ខ្លួនជនសង្ស័យទាំង២នេះ គឺសមត្ថកិច្ចអនុវត្តតាមដីការបស់សាលាដំបូងខេត្តព្រះវិហារ ដោយជនសង្ស័យ ឈ្មោះ ហ៊ូ សំអាត អាយុ៣៥ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ យាន សំណាង អាយុ៣០ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា៦កញ្ចប់ កាំភ្លើងខ្លី១ដើម កាំភ្លើងកែឆ្នៃ១ដើម កាំបិត២ ពូថៅ២ ប្រាក់៤៧៤ដុល្លារ ប្រាក់រៀល ១៥,៨១៩,០០០រៀល រថយន្តកាមរី១គ្រឿង ទូរស័ព្ទ២គ្រឿង និងសម្ភារៈមួយចំនួនទៀត។
ក្រោយការសួរនាំ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕