(ភ្នំុពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមអំពីវិស័យសារព័ត៌មាន ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
នៅក្នុងពិធីបិទវគ្គនេះ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក លោក ហ៊ុយ វណ្ណៈ បានធ្វើរបាយការណ៍ជូនរដ្ឋមន្រ្តីក្រសួងព័ត៌មានថា វគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃកន្លងមកនេះ មានសិក្ខាកាមចូលរួមសរុបចំនួន៩៦រូប ដែលក្នុងនោះមានសិក្ខាកាមមកពីស្ថាប័នទូរទស្សន៍ វិទ្យុ សារព័ត៌មានអនឡាញ និងមន្ត្រីមកពីស្ថាប័នរដ្ឋនិងឯកជនផងដែរ។
លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា រយៈពេលនៃការសិក្សា៣ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងមូលដ្ឋានចំនួន៤ ក្នុងនោះមានវិស័យសារព័ត៌មាន ការដឹកនាំគ្រប់គ្រងការងារសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ និងការងារបោះឆ្នោត។
បើតាមប្រធាន ស.ស.ស.ក កិច្ចការបណ្ដុះបណ្ដាលនេះ គឺអនុវត្តតាមលំអានរបស់ក្រសួងព័ត៌មាន ដែលមានលោក ខៀវ កាញារីទ្ធ ជាអ្នកដឹកនាំផ្ទាល់ ក្នុងនោះលោក ហ៊ុយ វណ្ណៈ ក៏បានលើកឡើងថា ជោគជ័យទាំងពេលចាប់ផ្ដើម រហូតមកទល់ពេលនេះរបស់ ស.ស.ស.ក គឺមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ វិស័យឯកជន និងក្រសួងព័ត៌មានបានឡើយ។
ក្នុងពិធីបិទវគ្គនេះដែរ លោក ហ៊ុយ វណ្ណៈ ក៏បានប្រកាសពីគោលដៅបន្តរបស់ស.ស.ស.ក ដែលនឹងត្រូវពង្រីកការបណ្ដុះបណ្ដាលសារព័ត៌មាននៅតាមបណ្ដាខេត្តផ្សេងៗទៀតផងដែរ។ ប្រធាន ស.ស.ស.ក ក៏បានសុំការគាំទ្របន្តទៀតពីក្រសួងព័ត៌មានចំពោះគោលដៅបន្តនេះរបស់ ស.ស.ស.ក។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបានរៀបចំនូវវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមអំពីវិស័យសារព័ត៌មាននេះឡើង។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុយ វណ្ណៈ សម្រាប់គម្រោងបណ្ដុះបណ្ដាលសារព័ត៌មាននៅតាមបណ្ដាខេត្តផ្សេងៗ។
លោករដ្ឋមន្រ្តីថា គម្រោងនេះ នឹងជួយឲ្យធនធានមនុស្សផ្នែកព័ត៌មានរបស់កម្ពុជាកាន់តែមានគុណភាព។
ទោះជាយ៉ាងណាលោក ខៀវ កាញារីទ្ធ ក៏បានអំពាវនាវឲ្យសិក្ខាកាមដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាល និយាយដោយឡែក និងនិយាយជារួមសម្រាប់អ្នកសារព័ត៌មានទាំងអស់ សូមធ្វើកិច្ចការផ្នែកព័ត៌មានប្រកបដោយក្រមសីលធម៌ និងគោរពច្បាប់។
នៅចុងបញ្ចប់ សិក្ខាកាមទាំង៩៦រូប ក៏បានទទួលនូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាពីសំណាក់លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកបដោយភាពរីករាយ និងស្និទស្នាល៕