(ភ្នំពេញ)៖ ស្របពេលដែលផែនការផ្តាច់ជំនួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍនានា របស់សហរដ្ឋអាមេរិក ត្រូវបានបែកធ្លាយនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ករណីនេះបង្ហាញឱ្យឃើញថា ការជ្រៀតជ្រែក ឬលូកដៃផ្ទៃក្នុងប្រទេសដទៃ របស់សហរដ្ឋអាមេរិក តាមរយៈការផ្តល់ជំនួយនោះ មិនសូវមានប្រយោជន៍ ដូចមុនទេ ដែលជាហេតុនាំឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលនយោបាយ។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅពេលប្រទេសឯករាជ្យតូចៗបានយល់ និងបានឃើញបាតុភូតនៃវិបត្តិសេដ្ឋកិច្ចពិភពលោក វិបត្តិនៃការផ្លាស់ប្តូររបបនយោបាយ វិបត្តិនៃបដិវត្តពណ៌ការកើនឡើងនៃប្រជាកលនិយម ប្រទេសទាំងនោះចាប់ផ្តើមពង្រឹងអធិបតេយ្យខ្លួនឡើងវិញ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាលទ្ធផលគឺប្រជាធិបតេយ្យនេះហើយ ធ្វើឱ្យការជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងមានការលំបាកជាងមុន។ ដូច្នេះមធ្យោបាយលូកដៃ តាមរយៈការផ្តល់ជំនួយ ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ ឬតាមរូបភាពសុខភាពសាធារណៈ និងអប់រំតាមមូលដ្ឋាន មិនសូវមានប្រយោជន៍ដូចពេលមុនទេ»។
លោក សួស យ៉ារ៉ា បានបន្ថែមថា ករណីនេះក៏ទាក់ទងដោយផ្ទាល់នឹងជំនួយម្ហូបអាហារ និងសម្លៀកបំពាក់ ឬថ្នាំសង្កូវ គ្រាប់រំសេវមួយចំនួនដែលសហរដ្ឋអាមេរិក ធ្លាប់ជួយកម្ពុជា ពេលសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ ហើយក្រោយមកក្លាយជាបំណុល និងការប្រាក់។ ដូច្នេះជំនួយមួយចំនួនតាមរយៈ USAID ក៏បានជា ប្រយោជន៍ដល់ប្រជាជន និងជំនួយមួយចំនួនក៏មិនបានបម្រើផលប្រយោជន៍ប្រទេសអាមេរិកផងដែរ ក្នុងដំណាក់កាលរដ្ឋាភិបាលរបស់គេកំពុង តែទាមទារសងបំណុល សង្គ្រាមនោះ។
លោកបញ្ជាក់៖ «លទ្ធភាពនេះបញ្ជាក់ថា ការកាត់ជំនួយ ឬបន្តជំនួយផ្ទាល់មួយចំនួនតាមរយៈរដ្ឋាភិបាល គឺជារឿងចាស់ និងនយោបាយដដែលសម្រាប់សហរដ្ឋអាមេរិក នៅពេលមានការផ្លាស់ប្តូរគោលដៅអាទិភាពពីអាស៊ីអគ្នេយ៍ និងបង្វែរការចាប់អារម្មណ៍ខ្លាំងជាអាទិភាពទៅអាស៊ីខាងកើតវិញនោះ។ តែយើងនៅមានសុទិដ្ឋិនិយមនៅឡើយថា រដ្ឋាភិបាលលោក Donald Trump នៅតែមិនបោះបង់អាស៊ីអាគ្នេយ៍ ហើយក៏មិនចង់ទុកកេរ្តិ៍ឈ្មោះនៃបំណុលកខ្វក់នៅប្រទេសកម្ពុជាទេ ក្នុងនាមជាប្រទេសមហាអំណាចមួយ ពិសេសលោក Henry Kissinger ក៏ចង់ឱ្យព្រលឹងមនុស្សខ្មែរដែលរងគ្រាប់បែកអាមេរិកអស់ចិត្ត និងលើកលែងទោសជូនគាត់ដែរ»។
សូមបញ្ជាក់ថា ផែនការថ្មីនៃកម្មវិធីជំនួយរបស់រដ្ឋបាលអាមេរិក ដឹកនាំដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ សម្រាប់ឆ្នាំ២០១៨ខាងមុខនេះ បង្ហាញថា ជំនួយទៅលើវិស័យមួយចំនួនទៅកាន់បណ្តាប្រទេស និងអង្គការថ្នាក់តំបន់ជាច្រើនទូទាំងពិភពលោក នឹងត្រូវកាត់ស្ទើរ១០០% និងខ្លះទៀតត្រូវកាត់ផ្តាច់ ១០០%តែម្តង ដែលភាគច្រើនគឺទៅលើប្រទេសនៅតំបន់អាស៊ី រួមមាន៖ ចិន ឡាវ ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា ព្រមទាំងបណ្តាប្រទេសជាច្រើនទៀត ជាពិសេសនៅប្រទេសនៅទ្វីបអាហ្រ្វិក ហើយការកាត់ជំនួយនេះ វាគឺជាគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ មិនមែនជាការគៀបសង្កត់ ទៅលើប្រទេសណានោះទេ។
សំណើបង្កើនកញ្ចប់ថវិកាសារពើពន្ធប្រចាំឆ្នាំ២០១៨ ខាងលើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្កឱ្យមានការកាត់បន្ថយកញ្ចប់ថវិកាសម្រាប់ទីភ្នាក់ងារ អន្តរជាតិ ដើម្បីការអភិវឌ្ឍរបស់សហរដ្ឋអាមេរិក នៃក្រសួងការបរទេស ហើយដែលនេះបានជម្រុញឱ្យលោក ត្រាំ សម្រេចចិត្តកាត់បន្ថយការផ្ដល់ជំនួយ ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានាជាច្រើន។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តកាត់បន្ថយកញ្ចប់ថវិកាជំនួយបរទេស ៣០.៨ភាគរយ ដោយក្នុងនោះជំនួយ ដែលនឹងត្រូវកាត់បន្ថយគឺទៅលើ វិស័យសុខាភិបាល សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅតាមបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អឺរ៉ុប អឺរ៉ុប-អាស៊ី អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក ដែលនឹងប្រឈមមុខការកាត់ជំនួយ ៥៧.៤ភាគរយ និង ៤១.១ភាគរយ ខណៈតំបន់អាហ្រ្វិក ១៣ភាគរយ និង ៧.២ភាគរយសម្រាប់តំបន់មជ្ឈិមបូព៌ា៕
ខាងក្រោមនេះ ឯកសារអាមេរិករៀបចំផែនការកាត់ផ្តាច់ជំនួយសំខាន់ៗ ទៅកាន់បណ្តាប្រទេសមួយចំនួន៖