(អឺរ៉ុប)៖ សន្និបាតសភានៃកុ្រមប្រឹក្សាអឺរ៉ុប (Paliamentary Assembly of the Council of Europe - PACE) បានសម្រេចចិត្តធ្វើការត្រួតពិនិត្យលើប្រទេសតួកគី ដោយផ្តោតលើការបង្កើតច្បាប់ គោលនយោបាយប្រជាធិបតេយ្យ និងសិទ្ធិនិងសេរីភាពជាមូលដ្ឋាន។ ក្នុងកិច្ចប្រជុំដំបូងគេនេះមានសមាជិក ១១៣រូប បោះឆ្នោតយល់ព្រមឲ្យមានការត្រួតពិនិត្យលើ «មុខងារនៃវិទ្យាស្ថានប្រជាធិបតេយ្យនៃតួកគី» ខណៈពេលដែល៤៥ រូបទៀតបោះឆ្នោតមិនយល់ព្រម។ នេះបើតាមរបាយការណ៍របស់ Stockholm.org ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
សភាអឺរ៉ុបអាចនឹងធ្វើការត្រួតពិនិត្យលើការដឹកនាំ និងប្រជាធិបតេយ្យភាព នៃប្រទេសតួកគីដោយសារការបោះឆ្នោតប្រជាមតិដែលទើបនឹងប្រព្រឹត្តទៅកាលពីថ្ងៃទី ១៦ មេសាកន្លងទៅ។ សន្លឹកឆ្នោត «យល់ព្រម» ក្នុងការបោះឆ្នោតទទួលយករបបប្រធានាធិបតីនិយមមានជាង ៥១% នឹងផ្តល់អោយប្រធានាធិបតីបច្ចុប្បន្ន និងគណបក្សកាន់អំណាចនូវអំណាចក្តោបក្តាប់លើប្រព័ន្ធច្បាប់ តុលាការ និងយោធា។
គួរបញ្ជាក់ផងដែរថា ប្រទេសតួកគីធ្លាប់ស្ថិតក្រោមការត្រួតពិនិត្យរបស់សភាអឺរ៉ុបម្តងរួចមកហើយ ប៉ុន្តែការត្រួតពិនិត្យអង្កេតការណ៍នេះ ត្រូវបានបញ្ចប់នៅឆ្នាំ២០០៤។ ការចាប់ផ្តើមត្រួតពិនិត្យ សាជាថ្មីម្តងទៀតនេះ បង្ហាញពីអស្ថិរភាពរបស់ប្រទេសតួកគី។ សភាអឺរ៉ុបចាត់ទុកការត្រួតពិនិត្យលើមុខងារនៃវិទ្យាស្ថានប្រជាធិបតេយ្យនៅតួកគី ដើម្បី ផ្សាភ្ជាប់ទំនាក់ទំនងជាមួយតួកគី និងជាលិទ្ធិផលធានាបាននូវសិទ្ធិសេរីភាព និងលិទ្ធិប្រជាធិបតេយ្យ។
នៅក្នុងការត្រួតពិនិត្យនោះទៀតសោត ប្រទេសតួកគីបានធ្វើការស្នើសុំមួយចំនួនដូចជា ការប្រើប្រាស់ពាក្យ «FETÖ» មានន័យថា អង្គការភេរវកម្ម ហ្វេធូឡា ហ្គូឡិន ជំនួសអោយ «ចលនាហ្គូឡិន» និង បញ្ឈប់ការប្រើពាក្យ «បន្សុទ្ធកម្ម» នៅក្នុងរបាយការណ៍ ដែលនឹងចេញដោយសភាអឺរ៉ុប។ ជាលទ្ធផលសំណើទាំងនេះត្រូវបានបដិសេធ។
ថ្នាក់ដឹកនាំនៃប្រទេសតួកគីបានបង្ហាញការប្រឆាំង លើទង្វើរបស់សភាអឺរ៉ុប។ នាយករដ្ឋមន្រ្តីតួកគី លោក Binali Yıldırım បានមានប្រសាសន៍ថា «វិទ្យាស្ថានអន្តរជាតិមានទំនោររើសអើងពូជសាសន៍ ហើយការសម្រេចចិត្តរបស់ពួកគេ នឹងបង្ហាញពីទំនោរប្រឆាំងនឹងប្រទេសតួកគីផ្ទាល់»។ ចំណែកមន្ត្រីក្រសួងការបរទេសតួកគីវិញ បានថ្កោលទោសទៅសហភាពអឺរ៉ុបថា នេះជាទង្វើដើម្បីកេងចំណេញផ្នែក នយោបាយ និងលើកឡើងថា តួកគីទទួលជនភៀសខ្លួន ៣,២លាននាក់ ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម ដែលនេះជាកត្តាជួយដល់ស្ថេរភាព សហភាពអឺរ៉ុបទាំងមូល។
គណៈកម្មការត្រួតពិនិត្យ បានលើកឡើងពីការយោគយល់លើស្ថានភាពប្រទេសតួកគី ដែលទើបនឹងប្រឈមមុខនឹងរដ្ឋប្រហារ ប៉ុន្តែមានការព្រួយបារម្ភនឹងការរំលោភបំពានលើ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលនឹងប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យ។
តាមរយៈរបាយការណ៍របស់សភាអឺរ៉ុប ១ភាគ៤ នៃព្រះរាជអាជ្ញាធរ និងចៅក្រម ១ភាគ១០នៃប៉ូលិស ៣ភាគ១០នៃបុគ្គលិកក្រសួងការបរទេស និងនិសិ្សត ៥,០០០នាក់ ត្រូវបានបណ្តេញចេញពីការងាររបស់ខ្លួនក្រោយរដ្ឋប្រហារ។ ដោយមានការរំលោភបំពាន ខណៈពេលប្រទេសត្រូវបានប្រកាសឲ្យស្ថិតក្នុងភាពអាសន្ន គណៈកម្មការត្រួតពិនិត្យខាងលើ បានស្នើសុំអោយ ប្រទេសតួកគីត្រូវដកចេញការប្រកាសនេះ ឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន, ផ្អាកការបង្កើតច្បាប់មិនឆ្លងកាត់សភា, ដោះលែងសមាជិកសភា, និងដោះលែងអ្នកកាសែតដែលជាប់ឃុំខ្លួន៕