(ភ្នំពេញ)៖ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុក កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងម៉ាណាម៉ា នៃព្រះរាជាណាចក្របារ៉ែន រយៈពេល៣ថ្ងៃ ដែលធ្វើឡើងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ កិច្ចប្រជុំនេះមានសមាជិកសភាតំបន់អាស៊ីចំនួន២១ប្រទេស ចូលរួម។
លោក សួស យ៉ារ៉ា បានថ្លែងស្វាគមន៍ក្នុងពិធីបើកទៅកាន់កិច្ចប្រជុំ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ ជាមួយគ្នានេះ លោកក៏ត្រូវបានអង្គប្រជុំជ្រើសរើសធ្វើជា អនុប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃសភាតំបន់អាស៊ី(APA) នេះផងដែរ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃសភាតំបន់អាស៊ី(APA) នៅព្រះរាជាណាចក្របារ៉ែន ពេលនេះ នឹងធ្វើការពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន០៦ដែលមានទី១-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី សមាហរណកម្មទីផ្សារថាមពលអាស៊ី ទី២-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី បញ្ហាបរិស្ថានទី៣-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី កិច្ចការហិរញ្ញវត្ថុការខិតខំប្រឹងប្រែងធានាឱ្យបានកំណើនសេដ្ឋកិច្ច ទី៤-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី ការលុបបំបាត់ភាពក្រីក្រ ទី៥-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពីតួនាទីសភាតំបន់អាស៊ី ក្នុងការអនុម័តច្បាប់គាំទ្រ ដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទី៦-សេចក្តីព្រាងសេចក្តីសម្រេចស្តីអំពី អនាម័យនិងទឹកស្អាតនៅតំបន់អាស៊ីសម្រាប់ទាំងអស់គ្នា។
សេចក្តីព្រាងសេចក្តីសម្រេចទំាង៦ ដែលកិច្ចប្រជុំពិភាក្សានៅពេលនេះ នឹងយកមកដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី ដែលគ្រោងរៀបចំធ្វើនៅ ព្រះរាជាណាចក្រកម្ពុជា នាចុងឆ្នាំ២០១៧នេះ ដើម្បីធ្វើការពិនិត្យ ពិចារណានិងកែសម្រួលបន្តទៀត មុននឹងដាក់ជូនមហាសន្និបាតលើកទី១០ដែលរៀបចំធ្វើនៅប្រទេសទួរគី ពិភាក្សានិងអនុម័ត។
សូមរម្លឹកថា សភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលរៀបចំមហាសន្និបាតប្រចំាឆ្នាំ នៃសភាតំបន់អាស៊ីចំនួនពីរឆ្នាំជាប់ៗគ្នា គឺមហាសន្និបាតលើកទី៨ នៅចុងឆ្នាំ២០១៥ និងមហាសន្និបាតលើកទី៩ កាលពីចុងឆ្នាំ២០១៦។មុននឹងបញ្ចប់តួនាទីជាប្រធានសភាតំបន់អាស៊ី លើកទី៩នេះ សភានៃព្រះរាជាណាចក្រ នៅមានភារកិច្ចមួយទៀត នៅក្នុងឆ្នាំ២០១៧នេះ គឺការទទួលរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ ដែលគ្រោងធ្វើនៅចុងត្រីមាសទី៣ក្នុងឆ្នាំ២០១៧នេះ៕