(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសផ្តល់ផ្លូវបេតុង១ខ្សែ ជូនពលរដ្ឋ៦ភូមិ ក្នុងសង្កាត់ទួលសង្កែ ដើម្បីសម្រូលទាំងការធ្វើដំណើរចេញចូល និងជួយសម្រួលទាំងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ជា ពិសី លើកឡើងបែបនេះនៅក្នុងពិធីអបអរសាទរ ដើម្បីបើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែក ក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ដោយជួសជុលផ្លូវបេតុង១ខ្សែប្រវែង១៨៧ម៉ែត្រ និងទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពិធីបើកការដ្ឋានជួសជុលផ្លូវខាងលើនេះ មានការចូលរួម ពីលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងលោក សយ កុសលចៅសង្កាត់ទួលសង្កែ ព្រមទាំងវត្តមានលោក-លោកស្រី ជាមន្ត្រីសាលាខណ្ឌ និង សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ រួមជាមួយប្រជាពលរដ្ឋមកពី៦ភូមិចំនួន៣០០នាក់ផងដែរ។
នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែ ជូនប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលធ្វើដំណើរ មុនបោះឆ្នោតឃុំ-សង្កាត់ ខាងលើនេះដែរ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌសម្រាប់ឆ្នាំ២០១៧ ក្នុងការជួសជុលផ្លូវ បេតុងឆ្អឹងដែកចំនួន១ខ្សែបន្ថែម នាពេលនេះ ដោយស្របតាមស្របតាមយុទ្ធសាស្ត្រចតុកោណ តំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៥ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺយើងមានសន្តិភាព មានការអភិវឌ្ឍ ឥតឈប់ឈរនូវទូទាំងប្រទេស»។
លោក ជា ពិសី បន្តថា សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ក៍មានការអភិវឌ្ឍន៍គ្រប់សង្កាត់ ដូចជាស្ថាបនាផ្លូវបេតុងខ្វាត់ខ្វែង ជារៀងរាល់ឆ្នាំ មានលូរំដោះទឹក ដោយប្រើប្រាស់កញ្ចប់ថវិការបស់សង្កាត់ និងរដ្ឋបាលខណ្ឌ ដើម្បីបញ្ជៀសការលិចលង់ រួមនិងសម្រួលចរាចរណ៍ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានងាយស្រួល។
លោកក៏បានថ្លែងបន្តថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសាលារាជធានីភ្នំពេញ ដែលបានផ្ដល់ កញ្ចប់ថវិកា មូលនិធិអភិវឌ្ឍន៍ខណ្ឌ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍន៍តាមផែនការមូលដ្ឋាន ដែលបានលើកឡើងតាមឆ្នាំនិមួយៗ ក្នុងរាជធានីភ្នំពេញ។
លើសពីនេះ លោក ជា ពិសី ក៍សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូននាៗ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីផ្លូវបេតុងនេះ ត្រូវបានស្ថាបនារួចរាល់ និងបើកឲ្យប្រើប្រាស់ សូមឲ្យជួយថែរក្សាសមទ្ធិផលនេះ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ជាមួយគ្នានោះ លោក ជា ពិសី ក៍បានបញ្ជាក់ឲ្យដឹងផងដែរថា «សូមឲ្យប្រជាពលរដ្ឋទាំងអស់ជួយបោះឆ្នោតឲ្យចៅសង្កាត់ទួលសង្កែលោក សយ កុសល ព្រោះជាចៅសង្កាត់ដែលខ្លាំង ក្នុងចំណោមអ្នកខ្លាំងនូវទូទាំងប្រទេស និងមិនយូរទេ ប្រាកដដល់ពេលដែលគេឃោសនាហើយ
«ដែលហៅថាឃោសនាញ៉ុះញ៉ុង ឃោសនាប្រជាពិឃត»ហើយចាប់ផ្ដើមឃោសនាតែដើមអាណត្តិទេ គឺមិនដែលឃោសនា ចុងអាណត្តិឡើយ ពិសេសពូកែសន្យា ដោយចាស់ៗជរា ក្នុងមួយខែ៤ម៉ឺនរៀល ដើម្បីឲ្យបោះឆ្នោតឲ្យគេ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា សូមឲ្យប្រជាពលរដ្ឋទាំងអស់បោះឆ្នោតជូនលោក សយ កុសល ដែលជាចៅសង្កាត់ដ៍ខ្លាំងម្នាក់ ក្នុងចំណោមអ្នកខ្លាំងនូវទូទាំងប្រទេស ហើយខ្លាំងនេះ គឺខ្លាំងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងខ្លាំងផ្នែកអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ហើយសូមប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ហើយត្រូវសម្រេចចិត្តបោះឆ្នោតជ្រើសរើស ឲ្យបានច្បាស់លាស់ ត្រឹមត្រូវផង ដើម្បីជៀសវាង ការបោះជ្រើសរើសខុស ធ្វើឲ្យយើងវិលត្រឡប់ទៅរកសង្គ្រាមវិញ ដោយជួបសោទវិនាសកម្ម បណ្ដាលឲ្យបែកបាក់ទាំងបងប្អូន ក្រុមគ្រួសារ។
លោក ជា ពិសី បានបញ្ជាក់ថា សូមឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតជ្រើសរើសយកនូវសុខសន្តិភាពមានទាំងការ អភិវឌ្ឍន៍ឥត ឈប់ឈរដូចបច្ចុប្បន្ន ដែលស្ថិតក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានោះ លោក ជា ពិសី ក៍បានផ្ដល់ សារ៉ុងចំនួន៣០០ ជូនដល់ប្រជាពលរដ្ឋចំនួន៣០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយសម្រេចបើកការដ្ឋានដើម្បី ជួសជុលផ្លូវបេតុង ចាប់ពីព្រឹកថ្ងៃនេះ តទៅតែម្ដង ក្នុងការជួលសម្រួលការធ្វើដំណើរចេញចូល និងសម្រួលបានទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕