(ភ្នំពេញ)៖ ផែនការថ្មីនៃកម្មវិធីជំនួយរបស់រដ្ឋបាលអាមេរិក ដឹកនាំដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានបង្ហាញសម្រាប់ឆ្នាំ២០១៨ខាងមុខនេះ ដោយក្នុងជំនួយទៅលើវិស័យមួយចំនួនទៅកាន់បណ្តាប្រទេស និងអង្គការថ្នាក់តំបន់ជាច្រើនទូទាំងពិភពលោក នឹងត្រូវកាត់ស្ទើរ១០០% និងខ្លះទៀតត្រូវកាត់ផ្តាច់ ១០០%តែម្តង ដែលភាគច្រើនគឺទៅលើប្រទេសនៅតំបន់អាស៊ីតែម្តង, រួមមាន៖ ចិន ឡាវ ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា ព្រមទាំងបណ្តាប្រទេសជាច្រើនទៀត ជាពិសេសនៅប្រទេសនៅទ្វីបអាហ្រ្វិក។ ហើយការកាត់ជំនួយនេះ វាគឺជាគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ មិនមែនជាការគៀបសង្កត់ ទៅលើប្រទេសណានោះទេ។
សំណើបង្កើនកញ្ចប់ថវិកាសារពើពន្ធប្រចាំឆ្នាំ២០១៨ ខាងលើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្កឱ្យមានការកាត់បន្ថយកញ្ចប់ថវិកាសម្រាប់ទីភ្នាក់ងារ អន្តរជាតិ ដើម្បីការអភិវឌ្ឍរបស់សហរដ្ឋអាមេរិក នៃក្រសួងការបរទេស ហើយដែលនេះបានជម្រុញឱ្យលោក ត្រាំ សម្រេចចិត្តកាត់បន្ថយការផ្ដល់ជំនួយ ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានាជាច្រើន។ នេះបើតាមវែបសាយបរទេស និងឯកសាររបស់សហរដ្ឋអាមេរិកចំនួន១៥ទំព័រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តកាត់បន្ថយកញ្ចប់ថវិកាជំនួយបរទេស ៣០.៨ភាគរយ ដោយក្នុងនោះជំនួយ ដែលនឹងត្រូវកាត់បន្ថយគឺទៅលើ វិស័យសុខាភិបាល សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅតាមបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អឺរ៉ុប អឺរ៉ុប-អាស៊ី អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក ដែលនឹងប្រឈមមុខការកាត់ជំនួយ ៥៧.៤ភាគរយ និង ៤១.១ភាគរយ ខណៈតំបន់អាហ្រ្វិក ១៣ភាគរយ និង ៧.២ភាគរយសម្រាប់តំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា យោងតាមឯកសារខាងលើដដែល បណ្ដាប្រទេសដែលសហរដ្ឋអាមេរិក កាត់បន្ថយជំនួយមិនមែនមានតែកម្ពុជាឡើយ ពោលគឺក៏មានប្រទេស នីហ្សេ សៀរ៉ាឡេអូន ឡាវ ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ូឡូញ គុយបា វ៉េណេស៊ុយអេឡា រួមទំាងបណ្ដាប្រទេសអឺរ៉ុប ផងដែរ។ ទោះបីជាយ៉ាងណា ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ដែរថា ការសម្រេចចិត្តកាត់បន្ថយជំនួយនេះមិនមានជាប់ពាក់ព័ន្ធនឹងស្ថានភាពនយោបាយរបស់ ប្រទេសណាមួយនោះទេ។
តាមការវិវឌ្ឍន៍ស្ថានការណ៍កន្លងមក រដ្ឋបាលអាមេរិកថ្មីដឹកនាំដោយលោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់តាំងពីដើមមកថា ខ្លួននឹងធ្វើការសន្សំសំចៃថវិកាជាតិឲ្យបានច្រើន ប៉ុន្តែនឹងបង្កើនកញ្ចប់ថវិកាជាតិទៅលើវិស័យយោធា ដើម្បីធ្វើឲ្យអាមេរិក្លាយជាប្រទេសដែលមានភាពអស្ចារ្យដូចមុន។ ហេតុដូច្នេះ វាមិនមែនជារឿងអ្វីដែលចម្លែកនោះទេ ដែលរដ្ឋបាលអាមេរិករៀបចំផែនការកាត់បន្ថយជំនួយ ទៅកាន់ប្រទេសនានានៅថ្ងៃមុខ។
ខាងក្រោមនេះ ឯកសារអាមេរិករៀបចំផែនការកាត់ផ្តាច់ជំនួយសំខាន់ៗ ទៅកាន់បណ្តាប្រទេសមួយចំនួន៖