(កោះកុង)៖ ក្រុមប្រឹក្សាខេត្តកោះកុង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ រៀបចំបើកពិធីសន្និបាតបូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣(២០១២-២០១៦)។ ពិធីបើកសន្និបាតបូកសរុបសមិទ្ធផលនេះ ត្រូវបានធ្វើឡើងក្រោម អធិបតីភាព លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការគ្រប់បណ្តាអង្គភាព ក្រុមប្រឹក្សាតាមបណ្តាមូលដ្ឋានសរុបជិត២០០នាក់។
លោក កាយ សំរួម បានសម្ដែងនូវការ កោតសសើរដោយសោះចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងអាជ្ងាធរគ្រប់ លំថ្នាក់ទាំងក្នុងទីរួមខេត្ត និងតាមមូលដ្ឋាន គ្រប់បណ្តាស្រុក និងអ្នកពាក់ព័ន្ធនានាដែលបានខិតខំប្រឹងប្រែង ចូលរួម សហការណ៍ អនុវត្តច្បាប់ និងខិតខំបទដ្ឋានគតិយុទ្ធនានា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធិផល នានាជាច្រើន ជូនជាតិមាតុភូមិ។
លោកបានបន្តថា «យើងបានធ្វើការកត់សម្គាល់សមិទ្ធិផលសំខាន់ដែលក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ សម្រេចបាន ក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៦កន្លងមកនេះ ហើយសមិទ្ធិផលសុទ្ធតែមានការចូលរួមចំណែកយ៉ាងសកម្ម ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តកោះកុង និងអ្នកពាកព័ន្ធនានាដែលបានចូលរួមសហការ បានដោយជោគជ័យក្នុងការអភិវឌ្ឍរយ:ពេល៥ឆ្នាំកន្លងមក ហើយយើងត្រូវចូលរួមបន្តទៅទៀតដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋបើកកាលណាយើងអភិវឌ្ឍបានច្រើន ប្រជាពលរដ្ឋបានកាត់បន្ថយពីភាពក្រីក្របានមួយកំរិតទៀត»។
ប្រធានក្រុមប្រឹក្សាខេត្តរូបនេះ បញ្ជាក់ថា ក្នុងកិច្ចដំណើរសន្និបាតរយៈពេលមួយថ្ងៃនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធនានា អង្កការសង្គមស៊ីវិល ដែលចូលរួមសន្និបាតចូលរួមពិភាក្សាផ្តល់យោបល់គ្នាទៅវិញទៅមក លើបញ្ហាដែលប្រឈមនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាទាំងអស់ ហើយក្រុមប្រឹក្សាមន្រ្តីរាជការ ត្រូវខិតខំយកចិត្តទុកដាក់ទៅលើការត្រូវចេះរួមដៃគ្នា ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋទាំងអស់គ្នា៕