(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សារវាង លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុន Shanghai Mechanical Power Engineering Co.Ltd និងក្រុមហ៊ុន Shanghai Micro Purification Technology Co.Ltd នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង បានផ្តោតការ យកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅចុះកិច្ចព្រមព្រៀង លើអនុស្សារណៈយោគយល់គ្នា ស្តីពីការអភិវឌ្ឍន៍លើវិស័យទឹកស្អាត នៅកម្ពុជា តាមរយៈការបង្កើតឲ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវ វិស័យទឹកស្អាតកម្ពុជា-ចិន ក្នុងគោលបំណងទាញ បានអត្ថប្រយោជន៍ចំនួន ០៥ ចំណុច គឺ៖
១-មានលទ្ធភាពប្រមូល ធនធានពីដៃគូ
២-អភិវឌ្ឍបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យា
៣-អភិវឌ្ឍនិងស្វែងយល់ពីផលិតផល ក៏ដូចជា ឧបករណ៌សម្ភារៈនានា ដែលបម្រើឲ្យការផលិតទឹកស្អាត
៤-មាន ប្រភពហិរញ្ញវត្ថុ តាមរយៈការបង្កើតមូលនិធិ របស់មជ្ឈមណ្ឌលដោយខ្លួនឯង និង
៥-ងាយស្រួលគ្រប់គ្រង ផ្នែកគោលនយោបាយ ពីព្រោះមជ្ឈមណ្ឌលនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្មជាអាណាព្យាបាលផ្ទាល់។
លោក ឆាយ អ៉ីងឡុង ជាប្រធានប្រតិភូក្រុមហ៊ុនចិន បានបញ្ជាក់នូវជំហររឹងមាំ ក្នុងកិច្ចសហការឲបានប្រសើរ ជាមួយក្រសួង ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត នៅកម្ពុជា ក្នុងទិសដៅជួយលើបីចំណុចជាសំខាន់ គឺ បច្ចេកទេស ហិរញ្ញវត្ថុ និងវិនិយោគ។ លោកបានបញ្ជាក់បន្ថែមថា គំនិតវិនិយោគជាដំបូង គឺ ផលិតទុយោទឹក តម្លើងម៉ាស៊ីនផលិតក្លរពីអំបិល និងបន្តបន្ទាប់ទៀត គឺការបង្កើតរោងចក្រផលិតផលិតផលផ្សេងៗ សម្រាប់បម្រើឲ្យវិស័យទឹកស្អាត។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកគម្រោងកិច្ចសហប្រតិបត្តិការ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវលើវិស័យទឹកស្អាត មានសារៈសំខាន់ណាស់ និងស្នើឲ្យភាគីទាំងពីរខិតខំសម្រេច ក្នុងកំរិតជំនាញ ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀង លើអនុស្សារណៈយោគយល់គ្នា ឲ្យបានកាន់តែឆាប់ ពីព្រោះមជ្ឈមណ្ឌលនេះ នឹងក្លាយជាថ្នាលបណ្តុះបណ្តាល ជាទីតាំងស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យា ដ៏មានសារៈសំខាន់បំផុតសម្រាប់កម្ពុជា លើវិស័យទឹកស្អាត។
ចំពោះការអញ្ជើញរបស់ភាគីចិន ឲ្យលោកដឹកនាំប្រតិភូជំនាញ របស់ក្រសួងអញ្ជើញទៅទស្សនៈកិច្ច នៅទីក្រុងសៀងហៃ ដើម្បីស្វែងយល់ពីវិស័យផលិតទឹកស្អាតនោះ លោកបានឯកភាពតាមសំណើរ ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យនេះកាន់តែប្រសើរឡើង៕