(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅថ្ងៃនេះ បានសម្រេចលើកពេលសវនាការ កាត់ទោសលោក មាជ សុវណ្ណារ៉ា រួមទាំងសកម្មជនគណបក្សប្រឆាំង១០នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងសំណុំរឿង ហិង្សានៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤។
សវនាការនេះ ត្រូវបានលើកពេលទៅថ្ងៃក្រោយ ដោយមិនកំណត់ បន្ទាប់ពីអនុរក្សពន្ធនាគារ បានបញ្ជូនជនជាប់ចោទ ទៅដល់សាលាឧទ្ធរណ៍ នៅវេលាម៉ោង៨៖០០ព្រឹកថ្ងៃទី២៥ ខែមេសានេះ។ បើតាមការបញ្ជាក់របស់ មន្រ្តីតុលាការ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសាលាឧទ្ធរណ៍ លើកពេលសវនាការចំពោះសំណុំរឿងនេះ ដោយសារតែដើមបណ្តឹងមិនចូលខ្លួន។
សូមជំរាបថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ១០នាក់ផ្សេងទៀត ត្រូវបានតុលាការចោទពីបទ «ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម» ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក មាជ សុវណ្ណារ៉ា និងសកម្មជនCNRPទាំង១០នាក់ រួមមានឈ្មោះ អឿ ណារិន, ឃិន រឿន ហៅឃិន ចំរើន,នាង សុឃុន, សាន គឹមហេង, ស៊ុ ពុទ្ធី, កែ ឃីម ហៅ វិន ឌី, ទេព ណារិន, អាន បឋម ហៅ សុខុម, សាន សីហៈ និង អ៊ុក ពេជ្រសំណាង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំ ដល់២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤៕