(ភ្នំពេញ)៖ រដ្ឋបាលអាមេរិកក្រោមរបបដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ខ្លួននឹងមិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់កម្ពុជានោះឡើយ ហើយថែមទាំងចង់ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកាន់តែល្អប្រសើរថែមទៀតផង។
ការថ្លែងអះអាងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបង្ហាញពីលទ្ធផលនៃជំនួប ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ក្នុងជំនួបនោះ លោក Patrick Murphy បានសម្តែងពីភាពរីករាយចំពោះស្ថានភាពដ៏ល្អនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាមេរិក ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ។
លោក Patrick Murphy ក៏បានគូសបញ្ជាក់ពីបំណងរបស់រដ្ឋាភិបាលអាមេរិកផងដែរ។ លោកថា អាមេរិកចង់ពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក ឲ្យកាន់តែល្អប្រសើរថែមទៀត ហើយអាមេរិកគោរពដោយពេញលេញចំពោះអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះជំនួយអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ពិសេសលើវិស័យអប់រំ សុខាភិបាល បរិស្ថាន ការដោះមីន ការទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធ គ្រឿងញៀន ការស្វែងរកអដ្ឋិធាតុទាហ៊ានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម (MIA) ការលើកកម្ពស់សមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការសម្រេចរបស់សហរដ្ឋអាមេរិកផ្ដល់ដល់កម្ពុជា ក្នុងខែកក្កដាកន្លងមកនេះ នូវការលើកលែងពន្ធ (Duty Free) ចំពោះមុខទំនិញសម្រាប់ធ្វើដំណើរ (travel goods) ចំនួន ២៧ប្រភេទ ដែលផលិតនៅកម្ពុជា។
លោក Patrick Murphy ក៏បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ពិសេសគឺការបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក៕