(កំពង់ចាម)៖ ដោយសារតែការឈឺចាប់ និងការបោកប្រាស់ ភូតភរ កុហស សមាជិកគណបក្សសង្គ្រោះជាតិ១៨០នាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាកចេញពីបក្សនេះ ហើយសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ជាក់ស្ដែងសកម្មជនទាំង១៨០នាក់នេះ ត្រូវបានលោក លន់ លឹមថៃ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ទទួលការអបអរស្វាគមន៍ដោយក្តីរីករាយ នៅក្នុងពិធីបញ្ចូលសមាជិកគណបក្ស នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។
ក្នុងចំណោមសមាជិកទាំង១៨០នាក់ មានសមាជិកសកម្មគាំទ្រគណបក្សសង្គ្រោះជាតិចំនួន១៣៥នាក់ មកពីឃុំរំចេក ឃុំកៀនជ្រៃ និងឃុំហាន់ជ័យ នៃស្រុកកំពង់សៀម ក្នុងនោះក៏មានជំទប់ទី១ ឃុំរំចេក១រូបផងដែរ របស់គណបក្សសិទ្ធមនុស្សក្នុងមុខតំណែង ដែលបានលាលែង និងសុំចូលជាសមាជិកបក្សប្រជាជនកម្ពុជា។
លោក ចេង រស្មី ជំទប់ទី១ នៃឃុំរំចេក ស្រុកកំពង់សៀម មកពីគណបក្សសិទ្ធិមនុស្ស បាននិយាយថា លោកព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះលោកបានចាញ់បោកគណបក្សសង្រ្គោះជាតិ និងគណបក្សសិទ្ធិមនុស្សអស់រយៈពេលជិត១០ឆ្នាំហើយ ទាំងការដឹកនាំ ការធ្វើនយោបាយ គឺពោរពេញ ការបោកប្រាស់ ភូតភរ ទៅលើប្រជាពលរដ្ឋ មានការលំអៀង បក្សពួក និងពុករលួយជាប្រព័ន្ធ ដែលជាចុងក្រោយនេះធ្វើឲ្យគាត់អស់ជំនឿទាំងស្រុងតែម្តង។
ដោយសារលោក មើលឃើញការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុះមុត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើការងារបម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ របស់អាជ្ញាធរគ្រប់ថ្នាក់នៅមូលដ្ឋាន ទើបលោក និងសមាជិកផ្សេងទៀតបានសម្រេចចិត្តចុះចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាតែម្តង៕