(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានព្រមានថា នឹងចាត់វិធានការក្តៅលើមន្ត្រីរាជការ មេឃុំ-ចៅសង្កាត់ណា ដែលនៅតែបន្តយកថ្លៃសេវាសាធារណៈផ្សេងៗ ពីប្រជាពលរដ្ឋ ព្រោះទង្វើនេះជាអំពើខុសច្បាប់ និងគាបសង្កត់ប្រជាពលរដ្ឋ។
លោកថ្លែងដូច្នេះ ក្នុងពិធីនាំយកថវិការបស់លោកបណ្ឌិត ងួន ញ៉ិល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ជាង៥០លានរៀល ឧបត្ថម្ភដល់បេក្ខជនដែលឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ចំនួន១១៤នាក់ និងបេក្ខជនឈរឈ្មោះមកពីឃុំចំនួន៥ ក្នុងស្រុកប្រាសាទសំបូរ ចំនួន៨៨នាក់ សរុបចំនួន២០២នាក់ដោយម្នាក់ៗទទួលបានថវិកា ចំនួន២០ម៉ឺនរៀល និងជួយឧបត្ថម្ភដល់គណបក្សប្រជាជនក្រុងស្ទឹងសែន ចំនួន១០លានរៀល ឧបត្ថម្ភដល់ទីស្នាក់ការគណបក្សប្រជាជនស្រុកប្រាសាទសំបូរ ចំនួន១០លានរៀល។
ពិធីនេះរៀបចំនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដោយមានការចូលរួមពីក្រុមការងារ និងបេក្ខជនពេញសិទ្ធិ និងឈរឈ្មោះជាច្រើនរយនាក់។
លោក សុខ លូ ថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំណាស់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ចុះតម្លៃនៃអាត្រាចងការប្រាក់ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ មិនឲ្យយកសេវាផ្សេងៗពីប្រជាពលរដ្ឋ បញ្ចុះតម្លៃអគ្គិសនី ផ្តល់បណ្ណក្រីក្រដល់ប្រជាពលរដ្ឋ នៅពេលដែលលោកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយមិនបាច់បង់ប្រាក់ ហេតុដូច្នេះហើយ បើបុគ្គលណាប្រព្រឹត្តខុសនៅតែបន្តយកលុយថ្លៃសេវាផ្សេង ពីប្រជាពលរដ្ឋទៀត បើរកឃើញនឹងត្រូវមានទោសចំពោះមុខច្បាប់»។
លោកអភិបាលខេត្ត បានសំណូមពរបេក្ខជន និងក្រុមការងារទាំងអស់ ត្រូវតែពង្រឹងការងាររបស់ខ្លួន ចុះពន្យល់ប្រជាពលរដ្ឋនៅតាមផ្ទះ ឲ្យឈប់ជឿលើការដើរនិយាយភូតកុហក និងសន្យាខ្យល់របស់ជនអគតិមួយចំនួនតូចនោះតទៅទៀត ដូចដឹងច្បាស់ និងមើលឃើញនឹងភ្នែកហើយថាផ្លូវគ្រួសក្រហមចំនួន៥ខ្សែ នៅក្រុងស្ទឹងសែន នឹងត្រូវបើកការដ្ឋានសាងសង់ចាក់កៅស៊ូ នៅមុនពេលបោះឆ្នោតជ្រើសរើសឃុំសង្កាត់ខាងមុខនេះហើយ។