(កណ្ដាល)៖ លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្ដេចតេជោហ៊ុនសែន បានថ្លែងថា សិម្ធិផលដ៏ករីចម្រើនសព្វថ្ងៃនេះ ដោយសារតែកម្ពុជាយើងមានសុខសន្ដិភាព និងស្ថេរភាពនយោបាយល្អ ក្រោមការដឹកនាំរបស់សម្ដេតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រី ។
លោកឧកញ៉ា ថ្លែងបែបនេះ ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា(សាលាឆាន់) នៅវត្ដមែ៉បាន ក្នុងភូមិ មេបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។
លោកឧកញ៉ា ថ្លែងបន្ដថា «យើងដឹងហើយថា នៅកន្លែងណា ក៏ដូចកន្លែងណា នៅស្រុកណា ក៏ដូចជាស្រុកណា ប្រទេសណា ក៏ដូចប្រទេសណាដែរ កាលណាប្រទេសជាតិ មានសុខសន្ដិភាពហើយ ចង់អភិវឌ្ឍន៍អ្វីក៏បានដែរ ទាំងការវិនិយោគលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនាដូច្នេះដែរ ជាក់ស្ដែងថ្ងៃនេះ គ្រួសារយើងខ្ញុំ និងពុទ្ធបរិស័ទ បានកសាងនូវសាលាឆាន់នេះ ដែលមានបណ្ដោយ៣៣ម៉ែត្រ ទទឹង១៤ម៉ែត្រ កម្ពស់មួយជាន់ផងដែរ»។
ទន្ទឹមនឹងនោះ លោកឧកញ៉ា បានថ្លែងទៀតថា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៤ ជិតមកដល់ហើយ ចឹងបងប្អូនប្រាកដជាដឹងច្បាស់ហើយ ថាបោះឲ្យអ្នកណានោះ មិនចាំបាច់និយាយក៏ដឹងដែរ ព្រោះសព្វថ្ងៃនេះប្រទេសមានសុខសន្ដិភាព ក៏ដោយសារអ្នកណា គឺដោយសារតែគណបក្សប្រជាជន ដែលមានតែគណបក្សប្រជាជននឹងហើយ ដែលមិនចាំបាច់ដើរនិយាយសន្យាច្រើន គឺមកដល់ធ្វើតែម្ដង ដូចខ្ញុំចឹង គ្រាន់តែមកដល់ភ្លាម ឃើញតម្រូវការចំបាច់អីមួយខ្ញុំធ្វើតែម្ដង ហើយសម្ដេចក៏ដូច្នោះដែរ ឃើញប្រជាពលរដ្ឋ ខ្វះខាតអី គឺសម្ដេចជួយផ្ដល់ឲ្យគ្រប់ពេលវេលា ហើយសម្ដេចក៏តែងតែមានការណែនាំហើយថា កុំដើរធ្វើការសន្យាបោកប្រាស់ប្រជាពលរដ្ឋ ដូចអ្នកដទៃ ទោះគេបោកប្រាស់យ៉ាងម៉េចកើត ក៏បោកប្រាស់ទៅ ដូចជាបើជាប់ឆ្នោត សន្យានឹងលុបបំណុលដែលប្រជាជនទំាងអស់ជំពាក់លុយគេនៅគ្រប់កន្លែងទាំងអស់ និងការផ្ដល់ជាថវិកា ឲ្យតែគេបោះឆ្នោតឲ្យ តែបងប្អូនប្រជាពលរដ្ឋដឹងហើយ អ្នកដែលធ្លាប់មកសន្យា មិនដែលត្រលប់មកជួយបងប្អូនវិញទេ។
លោកឧកញ៉ាបន្ថែមថា «ដោយឡែក សម្ដេចតេជោវិញ លោកមិនដែរទៅណាទេ ទោះមានរឿងរ៉ាវ ក្នុងប្រទេសយ៉ាងម៉េចក៏ដោយ តាំងប្រទេសមានសង្គ្រាម សម្ដេចមិនទៅណាចោលស្រុកទេ ក្នុងនាមសម្ដេចតេជោ ជាខ្មែរ រស់នៅលើទឹកដីខ្មែរ ហើយគាត់ជួយខ្មែរ ចឹងចំពោះអ្នកណាខ្ញុំមិនដឹងទេ តែចំពោះពួកខ្ញុំ គឺយល់ច្បាស់ណាស់ ពីអ្វីដែលជាសុខសន្ដិភាព ព្រោះអីខ្ញុំក៏ជាក្មេងម្នាក់ ដែលកើតឡើងក្នុងសម័យប៉ុលពតដែរ ខ្ញុំយល់ច្បាស់ពីសង្គ្រាម ហើយចេញពីសម័យប៉ុលពត អ្នកដែលរំដោះខ្ញុំ ខ្ញុំត្រូវដឹងគុណគេ ដូច្នេះខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងស្រុក និងទូទាំងប្រទេសស នឹងបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ដែលនាំមកនូវសុខសន្ដិភាព ការអភិវឌ្ឍជឿនលឿន ដ៏រីកចម្រើនជាបន្ដបន្ទាប់នេះ» ។
គួររំលឹកថា លោកឧកញ៉ាបណ្ឌិត ជា រតនានិងស្រីឧកញ៉ាលីហៀក រតនា បានកសាងនូវសម្ធផលជាច្រើន ទាំងវត្ដអារាម ពិសេសគឺជួយជនពិការកំបុតដៃទាំងសងខាង នៅទូទាំងប្រទេស គឺផ្ដល់ជាថវិកា សម្រាប់បើកមុខរបរដល់ជនពិការ ផ្ដល់ថវិកាសិក្សាដល់បងប្អូនជនពិការណា ដែលចង់បន្ដរៀនសូត្រដល់ថ្នាក់បរិញ្ញាបត្រ រួមទាំងផ្ដល់ ដៃជើងសម្បនិមិ្មតផងដែរ៕