(ឧត្តរមានជ័យ)៖ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ មានកើតករណីខ្យល់កន្ត្រាក់ដោយភ្លៀងធ្លាក់ខ្លាំង នៅភូមិខ្ទុំ ភូមិថ្នល់បត់ និងភូមិថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង បណ្តាលឲ្យផ្ទះពលរដ្ឋ១៧ខ្នង រងការបំផ្លាញ ព្រមទាំងរន្ទះបានប្រល័យពលរដ្ឋម្នាក់ផងដែរ នៅក្រុងសំរោង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់ល្ងាចមិញ បង្កខូចខាត់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងរចនាសម្ព័ន្ធនានាជាច្រើនក្នុងក្រុងសំរោង អ្វីគួរឲ្យសោកស្តាយនោះគឺរន្ទះបាញ់សម្លាប់មនុស្សម្នាក់នៅកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចជំនាញបន្តថា ករណីខាងលើនេះ បណ្តាលខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៧ខ្នង ក្នុងនោះមាន ៖ របើកដំបូល ចំនួន១៣ខ្នង ដួលរលំទាំងស្រុង ចំនួន២ ខ្នង ធ្លាក់ពីលើកំណល់ ចំនួន ២ខ្នង និងរន្ទះបាញ់ស្លាប់ម្នាក់ ឈ្មោះ យ៉ុន មួត ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ។
ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋព្យាយាមជួយសង្គ្រោះតែអកុសលបានស្លាប់តែហើយ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានប្រគល់សាកសពបុរសរងគ្រោះដោយរន្ទះបាញ់ទៅកាន់ក្រុមគ្រួសារសពយកទៅធ្វើបុណ្យ តាមប្រពៃណី៕