(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម បានឯកភាពគ្នាថា នឹងប្រឹងប្រែងបោះបង្គោលតម្រុយអចិន្ត្រៃយ៍ និងបង្គោលបំពេញបន្ថែម ឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០១៧នេះ ដោយឈរទៅលើច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង និងសន្ធិសញ្ញានានារវាងប្រទេសទាំងពីរ។ ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់កម្ពុជា-វៀតណាម ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ក្នុងជំនួបនោះ ភាគីទាំងពីរបានអះអាងជាថ្មីនូវការគោរព និងការអនុវត្តឲ្យបានពេញលេញនូវសន្ធិសញ្ញា កំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែនពាក់ព័ន្ធដទៃទៀតរវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ភាគីទាំងពីរបានតាំងចិត្តបញ្ចប់ការងារដាំបង្គោលតម្រុយអចិន្ត្រៃយ៍ និងបង្គោលបំពេញបន្ថែមក្នុងឆ្នាំ២០១៧ ក៏ដូចជាការបញ្ចប់ និងអនុវត្តការខណ្ឌសីមា និងឯកសារខណ្ឌសីមាពាក់ព័ន្ធ ដោយយោងទៅលើការព្រមព្រៀងនៃគណៈកម្មការចម្រុះរវាងប្រទេសទាំងពីរក្នុងគោលបំណងចុះហត្ថលេខាឯកសារផ្លូវច្បាប់នេះ ដើម្បីទទួលស្គាល់ការសម្រេចបាន ៨៤ភាគរយ នៃការងារខណ្ឌសីមាព្រំដែនទាំងអស់ ក៏ដូចជាស្វែងរកដំណោះស្រាយដែលអាចទទួលយកបានដោយភាគីទាំងពីរ ចំពោះបញ្ហាព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការងារខណ្ឌសីមាព្រំដែនគោក និងដំណើរការបោះបង្គោលព្រំដែនឲ្យបានឆាប់»។
យោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ កម្ពុជា និងវៀតណាម ក៏បានឯកភាពពង្រឹងការសម្របសម្រួលគ្នាក្នុងការគ្រប់គ្រងព្រំដែន ស្របតាមបទដ្ឋានគតិយុត្តិដែលមានស្រាប់ ស្របតាមទស្សនវិស័យការកសាងបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រមាណ ១ពាន់ ២០០គីឡូម៉ែត្រ។ បច្ចុប្បន្នប្រទេសទាំងពីរសម្រេចការងារបោះបង្គោលព្រំដែនបានប្រមាណជា ៨៣ភាគរយហើយ៕