ក្រសួងបរិស្ថាន ប្រកាសឲ្យប្រើប្រាស់សន្ទានុក្រមជាភាសាខ្មែរដំបូងបង្អស់ ក្នុងវិស័យប្រែប្រួលអាកាសធាតុ
25-04-2017 21:28
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សន្ទានុក្រមកាប្រែប្រួលអាកាសធាតុជាខេមរភាសា ដែលបានបង្កើតឡើងដោយក្រុមអ្នកជំនាញ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, ក្រុមប្រឹក្សាជាតិភាសារខ្មែរ, រាជបណ្ឌិត្យសភាកម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា ដើម្បីជាជំនួយដល់ការប្រើប្រាស់បច្ចេកទេសសព្ទ ក្នុងវិស័យប្រែប្រួលអាកាសធាតុ ប្រកបដោយត្រឹមត្រូវ សង្គតិភាព (ការរួបរួមគ្នា) និងឯកភាព។
សន្ទានុក្រមការប្រែប្រួលអាកាសធាតុនេះ មានបច្ចេកសព្ទសរុបចំនួន ៤៤៦មេពាក្យ និងអក្សរកាត់ចំនួន ១៣២ឃ្លា ដែលគ្របដណ្តប់លើផ្នែកវិទ្យាសាស្រ្តមូលដ្ឋាន នៃការប្រែប្រួលអាកាសធាតុ មូលហេតុ និងផលប៉ះពាល់ វិធានការបន្សាំ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ គ្រោះមហន្តរាយបណ្តាលមកពីអាកាសធាតុ កិច្ចចរចារអន្តរជាតិ និងវិស័យបរិស្ថានទូទៅផងដែរ។
សៀវភៅនេះ ជាសមិទ្ធផលថ្មីមួយ ដែលកើតឡើងដោយកិច្ចសហការបច្ចេកទេស រវាងស្ថាប័នជំនាញផ្នែកបរិស្ថាន និងផ្នែកប្រែប្រួលអាកាសធាតុ បានធ្វើការពិនិត្យកែសម្រួលអនុម័តរួមគ្នា រយៈពេលជិត១ឆ្នាំ និងជានិម្មិតរូប នៃការធ្វើខ្មែរនីយកម្មលើបច្ចេកស័ព្ទ ពីភាសារបរទេស ដើម្បីឲ្យកូនខ្មែរបានប្រើប្រាស់ ប្រកបដោយឯកភាពគ្នា៕