(កំពង់ធំ)៖ ក្រោយពីខ្យល់កន្ដ្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋនៅស្រុកបារាយណ៍ និងស្រុកសណ្ដាន់អស់ប្រមាណ៧៨ខ្នង ដោយមានការចង្អុលបង្ហាញពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ គណៈកម្មការកាកបាទក្រហមសាខាខេត្ត ដឹកនាំដោយលោកស្រី ឃួន ឃុនឌី អភិបាលរងខេត្ត និងជាអនុគណៈកម្មការសាខា កាកបាទក្រហមខេត្តកំពង់ធំ ព្រមទាំងលោក ញ៉ឹក បានខេង អភិបាលរងខេត្ត ដឹកនាំសហការី ចុះសួរសុខទុក្ខនាំប្រជាពលរដ្ឋ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។
ក្នុងការចុះសួរសុខទុក្ខនេះ លោកស្រី ឃួន ឃិនឌី និងលោក ញ៉ឹក បានខេង ក៏បាននាំយកនូវអំណោយជនរងគ្រោះនៅស្រុកបាយចំនួន៤៥គ្រួសារ មកពីឃុំគគីធំចំនួន១២គ្រួសារ, ឃុំឈូកខ្សាច់២៥គ្រួសារ, ឃុំជ្រលងចំនួន០៥គ្រួសារ និងស្រុកសណ្តាន់ ចំនួន៣៣គ្រួសារ មាន២ឃុំគឺ ឃុំឈើទាល និងឃុំមានរិទ្ធ ដែលអំណោយទាំងអស់នោះរួមមាន អង្ករ តង់ ឆ្នាំង ចាន និងឃីតមួយកញ្ចប់។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត ក៏នាំនូវការសួរសុខទុក្ខ របស់សម្ដេចកតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកអភិបាលខេត្ត សុខ លូ ប្រកបដោយភាពយកចិត្តទុក្ខដាក់ និងរួមរំលែកទុក្ខដ៏ក្រៀមក្រុំចំពោះការបាត់បង់ជីវិត ការខូចខាតព្រទ្យ សម្បត្តិរបស់បងប្អូន ដោយលើកឡើងថា កាបាត់បង់នូវសមាជិកគ្រួសាររបស់បងប្អូន និងទ្រព្យសម្បត្តិ យើងពិតជាសោកស្តាយ ជាពន់ពេក។
បន្ថែមលោកស្រី សូមឲ្យបងប្អូនចេះថែរក្សាសុខភាព មិនត្រូវអស់សង្ឃឹមឡើយ ដោយកាកបាទក្រហមមិនទុកឲ្យបងប្អូនស្លាប់ដោយអត់ឃ្លាននោះឡើយ បើទោះបីអំណោយនេះមិនគ្រប់គ្រាន់នៅជីវភាពបងប្អូនក៏ពិតមែន ប៉ុន្តែវាក៏អាចជួយដោះស្រាយ និងសម្រួលជីវភាពបងប្អូនបានមួយរយៈពេលដែរ។ ដូច្នេះសូមបងប្អូនត្រូវតែមានសង្ឃឹមក្នុងការប្រកបរបរ ចញ្ចឹមជីវិត រស់នៅប្រដោយសុខភាពល្អ ដោយអនុវត្តន៍តាមក្បូនអនាម័យទាំងបីប្រការ លើសពីនេះទៅដើម្បីចៀសផុតពីគ្រោះថ្នាក់ជាយថាហេតុបងប្អូនត្រូវរកកន្លែងមានសុវត្ថិភាព ដោយមិនត្រូវជ្រកក្រោមដើមឈើធំ នៅពេលមានភ្លៀងធ្លាក់ឡើយ ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅឲ្យចៀសផុតពីគ្រឿងញៀន។
បន្ថែមពីនេះ លោកស្រី និងក្រុមការងារចូលរួមចាប់កុសលនូវថវិកា១៥ម៉ឺនរៀល ដល់គ្រួសារដែលមានសមាជិកស្លាប់ និងចុះសួរសុខទុក្ខអ៊ុស្រីរងគ្រោះដោយរន្ទះបាញ់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍ដោយជូននូវថវិកា១០ម៉ឺនរៀលផងដែរ៕