(ភ្នំពេញ)៖ បើទោះបីវៀតណាម ជាគូរជម្លោះដែនសមុទ្រជាមួយប្រទេសចិន យ៉ាងណាក្តី តែប្រទេសនេះបានឯកភាព និងយល់ស្របដូចកម្ពុជាផងដែរ ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូង។
ក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី ការអត់ធ្មត់ ការជៀសវាងការគំរាមកំហែង និងការប្រើប្រាស់កម្លាំងស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដែលទទួលស្គាល់ជាសកលរួមមាន អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាយន្តការដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូង។
បើតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក បានបញ្ជាក់ថា កម្ពុជា និងវៀតណាម ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធក្នុងក្របខណ្ឌអាស៊ាន-ចិន ក្នុងការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិនៃបណ្តាភាគីក្នុងសមុទ្រចិនខាងត្បូង (DOC) និងបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង (COC) រួមទាំងបញ្ចប់ក្របខណ្ឌនៃក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង (COC) ក្នុងពាក់កណ្តាលឆ្នាំ២០១៧។
គេនៅចាំបានថា នាពេលកន្លងទៅប្រទេសវៀតណាម និងហ្វីលីពិន គឺជាដៃគូជម្លោះដ៏ស្រួចស្រាវមួយជាមួយប្រទេសចិន លើសំណុំរឿងជម្លោះសមុទ្រចិនខាងត្បូងនេះ។ ប្រទេសទាំងពីរនេះ ក៏បានបង្ហាញការខឹងសម្បាជាញឹកញយផងដែរចំពោះកម្ពុជា ដោយពួកគេចោទកម្ពុជាថា មានភាពលំអៀងទៅរកប្រទេសចិន ជាហេតុធ្វើឲ្យសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលអាស៊ានស្តីពីបញ្ហាសមុទ្រចិនខាងត្បូង តែងតែជាប់គាំង។
តែមកដល់បច្ចុប្បន្នទាំងហ្វីលីពិន និងវៀតណាម ហាក់បានបង្ហាញភាពស្ងប់ស្ងាត់ចំពោះជម្លោះដែនសមុទ្រជាមួយចិន ហើយក៏បានធ្វើឲ្យស្ថានភាពទំនាក់ទំនងការទូតប្រទេសទាំងពីរនេះជាមួយកម្ពុជាវិវឌ្ឍន៍មករកស្ថានភាពល្អប្រសើរផងដែរ៕