(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានផ្តល់អនុសាសន៍ចំនួន ៥ចំណុច ដល់សិស្សនាយនគរបាល នាយនគរបាលរងគ្រប់រូប ដើម្បីយកទៅធ្វើជាប្រទីបអភិវឌ្ឍសមត្ថភាពក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ។
លោក ឯក មនោសែន បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» ចំនួន ២១២នាក់ ក្នុងនោះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១៤៥នាក់ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង១៤នាក់ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ១៤នាក់ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកទេសវិទ្យា ៣៩នាក់។
អនុសាសន៍ទាំង ៥ចំណុចនោះរួមមាន៖
១៖ យកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយស័្វយសិក្សា និងទ្រីស្តី និងការអនុវត្តជាក់ស្តែង
២៖ មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាត ចំពោះការប្រព្រឹត្តសកម្មភាពខុសច្បាប់នានា
៣៖ ត្រូវគោរពឲ្យបានដាច់ខាតរាល់បទបញ្ញត្តិ ដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុង
៤៖ ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនចេះ មិនមែនរៀនចប់» គុណភាពមិនអាចសម្របសម្រូលបានឡើយ
៥៖ ពេលត្រលប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្រ្តីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ និងការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តលើខ្លួន។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្រ្តរយៈពេល០៥ឆ្នាំ (២០១៥-២០១៩) និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗមួយចំនួនស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលដៅនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តីនៃកម្ពុជា៕