(កំពង់ឆ្នាំង)៖ ភ្លៀងផ្គរលាយខ្យល់នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានបង្កជារន្ទះឆក់យកជីវិតស្រ្តីម្នាក់ ដែលកំពុងឈរឃ្វាលគោកណ្តាលវាលស្រែ ខណៈគោពីរក្បាលដែលគាត់ឃ្វាលនោះ ក៏ត្រូវរន្ទះបាញ់ងាប់ភ្លាមៗផងដែរ។
គ្រោះធម្មជាតិបណ្តាលឲ្យស្លាប់ស្រ្តីកសិករម្នាក់ និងគោពីរក្បាលនេះ បានកើតឡើងនៅភូមិពពាលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មន្រ្តីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ស្រ្តីដែលត្រូវរន្ទះបាញ់ស្លាប់នេះ មានឈ្មោះ ទួន សុខុម អាយុ៤០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើ។
សូមជម្រាបថា រយៈពេលជិត៤ខែ ដើមឆ្នាំ២០១៧នេះ គ្រោះធម្មជាតិរន្ទះបាញ់បានសម្លាប់ប្រជាពលរដ្ឋកម្ពុជា ១០នាក់ និងរងរបួស ១៥នាក់ទៀត។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបានបញ្ជាក់ថា ភ្លៀងកក់ខែនៅតែបន្តធ្លាក់ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ហើយបានស្នើឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ ដែលអាចកើតមានឡើងនៅពេលមេឃរកកលនឹងភ្លៀង ជាពិសេស ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ៕