(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក បានជួបសំណេះសំ ណាលគ្នារហូតដល់ទៅជាងពីរម៉ោង ដោយបានលើកយកបញ្ហាជាច្រើនមកជជែកពិភាក្សាក្នុងបំណងពង្រីកមិត្តភាព និងការអភិវឌ្ឍប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងដំណើរអញ្ជើញទៅដល់វិមានសន្តិភាពនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោក ង្វៀន សួនហ៊្វុក និង ភរិយា ត្រូវបានទទួល បដិសណ្ឋារកិច្ចយ៉ាងរ៉ាក់ទាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អម ដោយសំឡេងត្រែនៃកងអន្តរាគមន៍យ៉ាងកងរំពង។
បន្ទាប់ពីការទទួលបដិសណ្ឋារកិច្ចគ្នារួចហើយសម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក បានបណ្តើរគ្នាត្រសងឆ្ពោះទៅកាន់ បន្ទប់ប្រជុំ ដែលបិទជិតមួយ។ កិច្ចប្រជុំពិភាក្សានោះមានរយៈពេលរហូតដល់ទៅជាងពីរម៉ោង។
លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា ដោយសារតែដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ៊្វុក នៅកម្ពុជានាពេលនេះចំខួប ៥០ឆ្នាំនៃទំនាក់ទំនងកម្ពុជាវៀតណាម (១៩៥៧-២០១៧) កិច្ចការជាច្រើន ពាក់ព័ន្ធទំនាក់ទំនង បញ្ហាព្រំដែន ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម ត្រូវបានលើកយកមកពិភាក្សា។
លោក កៅ គឹមហួន បានគូសបញ្ជាក់ថា ដើម្បីពង្រីកចំណងមិត្តភាពប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀតនោះ ទាំងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក បានឯកភាពឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឲ្យបានកាន់តែញឹកញាប់បន្ថែមទៀត។
ពាក់ព័ន្ធការងារព្រំដែនវិញ ភាគីទាំងពីរក៏បានឯកភាពឲ្យគណៈកម្មការព្រំដែនប្រទេសទាំងពីរបង្កើនការដោះស្រាយបញ្ហា ដែលនៅសេស សល់ និងឈានទៅបញ្ចប់ការបោះបង្គោលព្រំដែនឲ្យបានឆាប់ៗនាពេលខាងមុខ។
ភាគីទាំងពីរបានមើលឃើញថា បើទោះបីទំនាក់ទំនងប្រទេសទាំងពីរមាយរយៈពេលយូរអង្វែងយ៉ាងណាក្តី តែទំហំនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់មិនទាន់ធំធាត់ដូចទំនាក់ទំនងនេះនៅឡោះយ។ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក បានឯកភាពឲ្យមានការប្រឹងប្រែងជំរុញ ការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរឲ្យបានដល់ ៥ពាន់លានដុល្លារអាមេរិក។
ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាឲ្យពាណិជ្ជករ និងអ្នកវិនិយោគប្រទេសទាំងពីរ អាចកាន់សាច់ប្រាក់សុទ្ធ ឆ្លងកាត់ព្រំដែនបានរហូតដល់ប្រមាណ ២ម៉ឺនដុល្លារ។ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានសន្យាជួយជំរុញអ្នកវិនិយោគវៀតណាម ឲ្យកាន់ តែច្រើនថែមទៀតមករកស៊ីនៅក្នុងប្រទេសកម្ពុជា។
ពាក់ព័ន្ធការជំរុញពាណិជ្ជកម្មនេះដែរ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក ក៏បានឯកភាពប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍តំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសុខសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ហើយនឹងសាងសង់ស្ពានតាមព្រំដែនបន្តទៀត ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មរវាងប្រជាជនជាប់ព្រំដែនប្រទេសទាំងពីរ។
ក្នុងជំនួបនាព្រឹកមិញនេះនាយករដ្ឋមន្រ្តីវៀតណាម ក៏មិនភ្លេចផងដែរជាមួយការស្នើសម្តេចតេជោ ហ៊ុន សែន ឲ្យគាំពារប្រជាពលរដ្ឋ និង អ្នកវិនិយោគវៀតណាមនៅកម្ពុជា ឲ្យស្របទៅច្បាប់ដូចការអនុវត្តន៍ជាមួយប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេសដទៃទៀត។
សម្រាប់វិស័យទេសចរណ៍វិញ សម្តេចតេជោ ហ៊ុន សែន បានស្នើវៀតណាម ឲ្យជំរុញពលរដ្ឋខ្លួនឲ្យមកលេងកម្សាន្តនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ហើយនាយករដ្ឋមន្រ្តីវៀតណាម ក៏បានឯកភាពផងដែរ។ ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានបន្តស្នើ ឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយរុករកអដិ្ឋធាតុទាហានវៀតណាម ដែលបានស្លាប់បាត់បង់ជីវិតក្នុងពេលជួយធ្វើសង្រ្គាមរំដោះប្រទេសកម្ពុជា ចេញពីរបបប៉ុលពត។
បើលោក កៅ គឹមហួន ក្នុងជំនួបនាព្រឹកមិញនេះ វៀតណាម ក៏បានផ្តល់ជំនួយប្រមាណ ៥លានដុល្លារអាមេរិក សម្រាប់សាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅខេត្តព្រះសីហនុ និងសាងសង់ផ្សារមួយនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ក្រោយជំនួបពិភាក្សាការងារជាងពីរម៉ោងនោះទៅ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក ក៏បានដឹកដៃគ្នា ចូលរួមធ្វើជាអធិបតី ដើម្បីចុះហត្ថលេខាលើពិធីសារចំនួន៤។ ពិធីសារចំនួន៤ ដែលបានចុះហត្ថលេខានោះរួមមាន៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីអំពីការសិក្សារួមស្តីពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមីញ-ម៉ក់បៃ, អនុស្សារនៈនៃការយោគយល់គ្នាស្តីអំពីគម្រោងសាងសង់មជ្ឍមណ្ឌលផ្តល់សេវាដោយស្ម័គ្រចិត្ត និងផ្នែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ, អនុស្សារនៈ បន្តសុពលភាពនៃអនុស្សារណៈកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជលផល និងអនុស្សារនៈនៃការយោគយល់គ្នាស្តីអំពីការគាំទ្រការសាងសង់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ។
សូមបញ្ជាក់ថា លោក ង្វៀន សួនហ៊្វុក និងភរិយា បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងដំណើរមកដល់ភ្លាមៗនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម និងភរិយា បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅឯភូមិគ្រឹះរបស់សម្តេចក្បែរវិមានឯករាជ្យ។
នៅថ្ងៃដដែលនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។
សម្រាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ មុនត្រឡប់ទៅកាន់ទីក្រុងហាណូយវិញ លោក ង្វៀន សួនហ៊្វុក ក៏បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ដាក់កម្រងផ្កា និងគោរពវិញ្ញាណ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅវិមានព្រះបរមរូប។ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធកងទ័ព និងអ្នកតស៊ូនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម លើសួនច្បារមុខវត្តបទុមវតីផងដែរ៕