(កំពង់ស្ពឺ)៖ ប្រធានក្រុមប្រឹក្សាយុវជនគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនពេញសិទ្ធិលេខរៀងទី៧ ប្រចាំនៅឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក វួក ធួន បានសម្រេចចិត្តដោះអាវ និងលាលែងពីប្រធានយុវជន និងបេក្ខភាពក្រុមប្រឹក្សាឃុំ ងាកមកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយលើកឡើងថា បក្សប្រឆាំងពុករលួយ បក្ខពួកនិយម សន្យាបានតែមាត់។
លោក វួក ធួន បានថ្លែងថា ការដែលលោកចាកចេញពីគណបក្សសង្គ្រោះជាតិនេះ ក៏ដោយសារគណបក្សនេះពុករលួយ បក្សពួកនិយម អ្នកធ្វើតិចបានផលច្រើន ឯអ្នកខំប្រឹងគ្មានលុយឱ្យថ្នាក់លើ និងមិនពូកែឯបអបមេកើយ មិនដែលបានផល និងត្រូវគេទុកចោលទៀតផង ហើយលោកបានមើលឃើញពីការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងជាគណបក្សមានសាមគ្គីភាព និងប្រជាធិបតេយ្យផ្ទៃក្នុងខ្ពស់ ទើបលោកសម្រេចចិត្តមករួមរស់ជាមួយតែម្ដង។
ពិធីទទួលសមាជិកបក្សថ្មីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហេង សុខគង់ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបរសេដ្ឋ ទទួលបន្ទុកឃុំកាត់ភ្លុក និងឃុំភក្តី និងមានការចូលរួមពី សំណាក់លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ ប្រធានក្រុមការងារចុះជួយឃុំកាត់ភ្លុក លោកវេជ្ជបណ្ឌិត ស៊ឹម ពិសិដ្ឋ សមាជិកក្រុមការងារចុះជួយស្រុកបរសេដ្ឋ តំណាងគណបក្សស្រុកបរសេដ្ឋ ប្រធាន-អនុប្រធានគណបក្សឃុំ ភូមិ និងគណៈចលនាបោះឆ្នោតឃុំ ភូមិ ទាំង១១ភូមិ នៃឃុំកាត់ភ្លុក។
លោក ហេង សុខគង់ បានស្វាគមន៍ចំពោះការចូលមករួមរស់ជាគ្រួសារតែមួយ ជាមួយគណបក្សប្រជាជនកម្ពុជា លោកបានកោតសរសើរ ចំពោះស្មារតីភ្ញាក់រលឹកទាន់ពេលវេលារបស់ លោក វួក ធួន និងបានបញ្ជាក់ជូនដល់អង្គពិធីទាំងមូល ដែលនេះគឺជាសញ្ញាណបង្ហាញឱ្យកាន់តែច្បាស់លាស់ នៃបែបផែនការងាររបស់គណបក្សប្រឆាំង ដែលតែងអួតខ្លួនឯងថា ជាគណបក្សប្រជាធិបតេយ្យ បម្រើរាស្រ្ត និងបម្រើសង្គមនោះ តែធាតុពិតគឺបម្រើបក្សពួក បម្រើក្រុមគ្រួសារខ្លួន និងបម្រើមហិច្ឆតាក្រុមខ្លួនមួយក្តាប់តូច ទើបត្រឹមត្រូវជាង។
លោកបានបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមានសុខសន្តិភាព និងសុវត្ថិភាពពេញលេញ ប្រកបដោយការអភិវឌ្ឍឥតឈប់ឈរ បើបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា កម្ពុជានឹងបន្តនូវសុខសន្តិភាព និងភាពរីកចម្រើននេះ កាន់តែខ្លាំងឡើងថែមទៀត តែបើបោះឱ្យគណបក្សផ្សេង ហាក់ដូចជាយកអាយុជីវិតខ្លួនឯង គ្រួសារយើង និងសង្គមជាតិយើង ទៅផ្សងព្រេងដោយមិនដឹងគោលដៅ និងអនាគតពិតប្រាកដ។
សូមជម្រាបថា ដោយសារតែការភូតកុហក បក្ខពួកនិយម ពុករលួយ ឯបអមបានផលច្រើន គ្មានលុយបង់ចូលបក្សត្រូវគេទុកចោលបែបនេះហើយ ធ្វើឲ្យសមាជិកបក្ស និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិជាច្រើននាក់ នាំគ្នារត់ចោលបក្ស លាឈប់ ចាកចេញជាបន្តបន្ទាប់៕