(ភ្នំពេញ)៖ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ហៅកាត់ថា «BIDC» បានរៀបចំក្មវិធីប្រគល់រង្វាន់ធំ រថយន្ត Ford Fiesta 2016 មួយគ្រឿង មានតម្លៃប្រមាណ៣ម៉ឺនដុល្លារ និងរង្វាន់ផ្សេងៗជាច្រើនទៀត ជូនដល់អតិថិជន ដែលបានជឿទុកចិត្ត ដាក់ប្រាក់សន្សំ បញ្ញើ នៅក្នុងធនាគារ ដែលជាកម្មវិធីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អតិថិជន ។ ពិធីប្រគល់រង្វាន់នេះ ត្រូវបានធ្វើឡើង នាស្នាក់ការកណ្ដាលធនាគារ «BIDC» តាមបណ្ដាយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ចាន់ ណាំយ៉ាង អគ្គនាយករងធនាគារ «BIDC» បានថ្លែងឲ្យដឹងថា ដោយសារតែមានជំនឿទុកចិត្ត និងគាំទ្រពីសំណាក់អតិថិជន កាលពីខែធ្នូឆ្នាំ២០១៦ ធនាគារ «BIDC» បានរៀបចំដាក់ឲ្យដំណើរការ កម្មវិធីដាក់ប្រាក់សន្សំឈ្នះរង្វាន់ ហៅកាត់ថា «កម្មវិធីដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំ!» អមជាមួយនឹងកម្មវិធីប្រូម៉ូសិនផ្សេងៗ ដើម្បីទាក់ទាញអតិថិជន ឲ្យចូលរួមដាក់ប្រាក់សន្សំនៅ «BIDC»។ កម្មវិធីនេះ ត្រូវបានបញ្ចប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ហើយរង្វាន់ទាំង២០ រង្វាន់ នៃកម្មវិធីត្រូវបានទៅលើ អតិថិជនដែលមានសំណាងជាងគេ ចំនួន១២រូប ក្នុងនោះ អតិថិមានសំណាងជាងគេបង្អស់ ឈ្នះនូវរថយន្ត Ford Fiesta មួយគ្រឿង មានតម្លៃប្រមាណ៣ម៉ឺនដុល្លារ។
អគ្គនាយករងធនាគារ «BIDC» ដដែលរូបនេះ បានបន្តទៀតថា កម្មវិធីប្រគល់រង្វាន់ធំ និងរង្វាន់ផ្សេងៗទៀត ដោយផ្ទាល់ដៃនៅថ្ងៃនេះ គឺដើម្បីថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលបានជឿទុកចិត្ត គាំទ្រជ្រើសរើស ប្រើប្រាស់សេវាកម្មប្រាក់សន្សំ របស់ធនាគារ «BIDC»។ ធនាគារ «BIDC» នឹងបន្តរៀបចំកម្មវិធីចាប់រង្វាន់ផ្សងសំណាងនេះ ជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងផ្ដល់ឱកាស ចែករំលែកឱកាស ព្រមទាំងរួមដំណើរជាមួយនឹងភាពជោគជ័យ របស់អតិថិជន។
ដោយឡែក អ្នកស្រី សុខ ចាន់លី មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ដែលជាអតិថិជន មានសំណាងត្រូវរង្វាន់ធំ រថយន្ត Ford Fiesta មួយគ្រឿង បានសម្ដែងក្ដីរំភើបរីករាយយ៉ាងខ្លាំង ខណៈដែលអ្នកស្រីមិននឹកស្មានថា បានឈ្នះរង្វាន់ធំបែបនេះឡើយ។ ពីដំបូងអ្នកស្រីមិនបានជឿ លើការចាប់ឆ្នោតត្រូវរង្វាន់អ្វីទេ ប៉ុន្តែពេលក្រុមហ៊ុនខលបញ្ជាក់ប្រាប់ ជាច្រើនដង ទើបអ្នកស្រីជឿ។ ពេលនេះ អ្នកស្រីបានឃើញជាក់ស្ដែង ហើយពិតជាជឿ និងទុកចិត្តលើធនាគារ«BIDC» ថា ពិតជាមានរង្វាន់ប្រាកដមែន ខណៈដែលអ្នកស្រី បានដាក់ប្រាក់សន្សំក្នុងធនាគារនេះ ជាច្រើនឆ្នាំមកហើយ។
សូមបញ្ជាក់ថា «កម្មវិធីដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំ!» ផ្ដល់ជូននូវអត្រាកាប្រាក់រហូតដល់ ៥.៧៥% និងមានរង្វាន់សរុបជាទឹកប្រាក់៤២,០០០ដុល្លារ។ ក្នុងនោះលក្ខខណ្ឌ គឺគ្រាន់តែអតិថិជន ដាក់ប្រាក់បញ្ញើចាប់ពី៣០០ដុល្លារឡើងទៅ នឹងទទួលបានលេខកូដផ្សងសំណាង០១ ដើម្បីចូលរួមផ្សងសំណាង។ រង្វាន់ពិសេសទាំងអស់ រួមមាន Ford Fiesta មួយគ្រឿង, ម៉ូតូហុងដា Click125i ចំនួន០១រង្វាន់, ទូរសព្ទ iPhone8 Plus128G ចំនួន៣រង្វាន់, ទូរទស្សន៍ Samsong UHD Smart TV 43' ចំនួន៥រង្វាន់, និងរង្វាន់លើកទឹកចិត្ត ទូរទឹកកក Hitachi 203L Inverter ចំនួន១០រង្វាន់ ដែលសរុបជាទឹកប្រាក់មានចំនួនរហូតដល់ទៅ ៤២,០០០ ដុល្លារអាមេរិក៕