(ភ្នំពេញ)៖ ក្រោយបញ្ចប់នៃកិច្ចជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក គ្រឿង ក្វាងងៀ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឈាងចុះជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក រួមនឹងពិនិត្យមើលពីដំណើរការ ការងារមួយចំនួន របស់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា «Angkor Air» ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ផ្នែកទំនាក់ទំនង លើវិស័យអាកាសចរមួយ សម្រាប់កម្ពុជា-វៀតណាម។
ការចុះទស្សនកិច្ចពិនិត្យមើល ពីដំណើរការការងារនេះ មានការចូលរួមពី លោក គ្រឿង ក្វាងងៀ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមនឹងគណប្រតិភូមួយចំនួន និង លោក តឹក រ៉េតសំរេច ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរជាតិកម្ពុជា Angkor Air, លោក Nguyen Tu Huy នាយកប្រត្តិបត្តិ និង លោក លឹម កៅ អគ្គនាយកប្រតិបត្តិរង រួមនិងបុគ្គលិកមួយចំនួនផ្សេងទៀត ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នាការិយាល័យក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា Angkor Air។
ទស្សនកិច្ចនេះ បង្ហាញពីភាពស្និទ្ធស្នាលមួយ និងភាពរីកចម្រើន នៃវិស័យអាកាសចរវាង ទឹកដីកម្ពុជា និងប្រទេសវៀតណាម។ មួយវិញទៀត ការចុះពិនិត្យពីដំណើរការការងារ របស់ក្រុមហ៊ុនមួយនេះ វាអាចធ្វើឲ្យអតិថិជន កាន់តែមានភាពជឿទុកចិត្ត លើក្រុមហ៊ុនអាកាសចរជាតិកម្ពុជា «Angkor Air» មួយនេះបន្ថែមទៀត។
ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា «Angkor Air» មានចក្ខុវិស័យ ក្នុងការក្លាយជាអាកាសចរឈានមុខ ផ្ដល់សេវាកម្មលើផ្លូវ ហោះហើរក្នុង និងក្រៅស្រុក ប្រកបដោយសុវត្ថិភាពខ្ពស់ និងផាសុកភាព។ ថ្មីៗនេះ ក្រុមហ៊ុន អាកាសចរជាតិកម្ពុជា Angkor Air បានចុះហត្ថលេខាជាមួយក្រុមហ៊ុន អាកាសចរបារាំង ដែលមានឈ្មោះថា «AFI KLM E&M» ក្នុងកិច្ចព្រមព្រៀង ជួសជុល និងថែទាំយន្ដហោះ។ អ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះ គឺក្រុមហ៊ុនបានចាប់ផ្ដើមធ្វើប្រតិបត្តិការ លើផ្លូវហោះហើរថ្មីមួយ រវាងខេត្តព្រះសីហនុ និងក្រុងម៉ាកាវ ចំនួនពីដងក្នុងមួយសប្ដាហ៍។
សូមជម្រាបថា ក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា Angkor Air បានបង្កើតឡើង ក្នុងឆ្នាំ២០០៩ ដោយបច្ចុប្បន្នក្រុមហ៊ុន មានជើងហោះហើរក្នុងស្រុក រវាងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងក្រៅស្រុកជាច្រើនទៀត រួមមានកាហោះហើរ ទៅកាន់ប្រទេសវៀតណាម ចិន កូរ៉េ និងម៉ាកាវ ដោយប្រើប្រាស់យន្ដហោះ ចំនួន៧គ្រឿង៕