(ភ្នំពេញ)៖ គេនៅចាំបានថា ការរៀបចំអង្គប្រជុំធំវិសាមញ្ញដោយតន់ហន់របស់បក្សព្រះអាទិត្យកាលពីថ្ងៃទី០២ ខែមីនា កន្លងទៅ គឺជាអង្គប្រជុំបង្រ្គប់កិច្ច និងប្រថាប់ត្រា ដោយខុសក្បួន ហើយជាឡប់ឡែប្រជាធិបតេយ្យប៉ុណ្ណោះ។ រឿងទាំងអស់គឺកើតឡើងដោយខ្លួនឯង។ អ្នកណាអ្នកចង អ្នកនោះអ្នកស្រាយ។ ចេះហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ កុំចេះបន្ទោសគេបន្ទោសឯង ប្រយ័ត្នទេវតាបរាមុខ!

ទី១៖ ឡប់ឡែប្រជាធិបតេយ្យ ព្រោះបក្សនេះប្រកាសថា ខ្លួនប្រជាធិបតេយ្យមហាសេរី ប៉ុន្តែរបៀបធ្វើការនិងការជាក់ស្តែង គឺគ្មានអីដែលហៅថា ប្រជាធិបតេយ្យពិតប្រាកដនោះទេ។ យើងអាចសួរមើលថា អ្នកចូលរួមអង្គប្រជុំធំដែលឡើងមកពីបណ្តាខេត្តនានាមកមើលទៅហ៉ឺហាគិតថា យកមតិយោបល់ និងអំណាចជាសមាជិកសមាជមកវេទិកា នៃអង្គប្រជុំធំហើយ ប៉ុន្តែមកដល់គេគ្រាន់តែអានប្រាប់ ហើយលើកដៃប្រថាប់ត្រាប៉ុណ្ណោះ។ បើបក្សនេះជាបក្សតាំងខ្លួនរហូតដល់ប្រជាធិបតេយ្យមហាសេរី គួរណាស់តែធ្វើរឿង ពីរចំណុច៖ ក)៖ កុំប្រើរបបចាត់តាំង ត្រូវបើកមានបេក្ខភាពឈរឈ្មោះជាប្រធាន ឬអនុប្រធានឲ្យបានច្រើន ដើម្បីឲ្យអង្គប្រជុំដែលមានសមាជិកខំឡើងពីខេត្ត ពីស្រុកមកមាន សិទ្ធិជ្រើស រើសផង កុំមកគ្រាន់តែថាប់ត្រា និង ខ)៖ បើគ្រាន់បើមែន ធ្វើឲ្យត្រូវតាមលក្ខន្តិកៈ ហើយបោះឆ្នោតជាសំងាត់! ប៉ុន្តែជឿថា បក្សនេះមិនហ៊ានទេ បើហ៊ានគឺធានាថា កឹម សុខា ដែលសំបូរទៅដោយរឿងអាស្រូវផ្លូវភេទ និងមានកូនជាមួយស្រ្តីវៀតណាមទៀតនោះ នឹងមិនបានឡើងធ្វើប្រធានបក្សឡើយ ហើយកំពូលស្តេចល្បែង ក៏មិនអាចធ្វើជាអនុប្រធានបក្សដែរ ព្រោះវានឹងនាំឲ្យបក្សនេះអាប់អោនក្នុងឆាកនយោបាយ និងប្រវត្តិនយោបាយខ្មែរ។ បើហ៊ានបើកចំហរប្រជាធិបតេយ្យមែនទែន ច្បាស់ណាស់ប្រធាន និងអនុប្រធាន ប្រាកដជាមានមនុស្សហ៉ឺហារជាងនេះ និងថ្លៃថ្នូរជាងនេះ។ តែសារជាតិបក្សតែប៉ុណ្ណឹងទៅហើយ គឺជើងឯកខាងបំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោងនយោបាយ !

២៖ រើសក្បាលម៉ាស៉ីនខុសក្បួន គឺខុសយ៉ាងច្បាស់ ដែលខ្មែរយើងថា ច្បាស់ដូចថ្ងៃ ! ខ្លួនឯងជាអ្នកសរសេរក្បួនបញ្ចូលក្នុងលក្ខន្តិកៈ ដែលចាត់ទុកលក្ខន្តិកៈនេះជាគម្ពីរ វេទរបស់ខ្លួន ដែលធំជាងគេបង្អស់នៅក្នុងបក្ស។ ខ្លួនឯងជាអ្នកអនុវត្ត ដែលត្រូវសុចរិតចំពោះខ្លួនឯងដោយអនុវត្តអោយត្រូវតាមក្បួនដែលខ្លួនតាក់តែងចងក្រងមក ហើយអង្គ ប្រជុំបក្សជាអ្នកអនុម័តទៅទៀត។ បើមិនអនុវត្តតាមក្បួនខ្លួនឯង មានន័យស្មើនឹងយកលក្ខន្តិកៈនេះមកទ្រាប់អង្គុយក្រោយគូទ និងអង្គប្រជុំធំដែលហៅថា អង្គសមាជ ដែលយកទូលនឹងក្បាល បែរយកមកជាន់ក្រោមបាតជើងរបស់ខ្លួនទៅវិញ។ សរសេរខ្លួនឯង អនុវត្តខ្លួនឯង ហើយខុសដោយខ្លួនឯងទៀត! រឿងនេះគឺជារឿងអាម៉ាសបំផុត ក្នុងលោកិយ! ខុសម្តងហើយ បែរជាមិនរាងចាល ហើយគួរបើកក្បួនមើលដោយយកចិត្តទុកដាក់ ពិគ្រោះយោបល់ឲ្យបានគ្រប់ជ្រុងជ្រោយ ធ្វើឲ្យត្រូវឡើងវិញ តាមក្បួនច្បាប់ ដែលខ្លួនឯងសរសេរទៅចប់ហើយ! ប៉ុន្តែខុសហើយមិនចេះកែ ហើយបែរជាទំនើងធ្វើខុសម្តងទៀត !

មិនកែដោយសារមិនចង់ទទួលកំហុសរបស់ខ្លួន កុំឲ្យញាតិមិត្តថា ខ្លួនឯងវាអន់ វាល្ងង់ អនុវត្តតាមអ្វីដែលខ្លួនឯងសរសេរមិនទាំងត្រូវផង ហើយចង់ទៅដឹកនាំនគរម៉េចនឹងបាន។ ដើម្បីគេចពីភាពអាម៉ាសដោយការមិនយល់ដប់របស់ខ្លួន បក្សនេះតាំងប្រើវោហាសាស្រ្តលាបពណ៌នយោបាយលើការអនុវត្តច្បាប់ ដោយចោទថា សំណាក់រាជការរករឿង ធ្វើបាប ឬថា ខ្លួនធ្វើម៉េចក៏មិនត្រូវចិត្តរាជការ! ខុសខ្លួនឯង មិនព្រមកែឲ្យត្រូវបែរជាបំភ្លៃ និងបំភាន់ទៅជារឿងនយោបាយទៅវិញ។ ឥឡូវទទួលស្គាល់ថា ខ្លួនឯងខុសដោយកែ ប្រភពនៃបញ្ហា គឺក្បួនក្នុងប្រការ៤៧ ថ្មីរបស់ខ្លួន ដោយប្រគល់អំណាចទាំងអស់ទៅគណៈនាយកតែម្តង លែងទុកចិត្តអង្គសមាជដើម្បីជ្រើសរើសអនុប្រធានហើយ! ដល់ទទួលស្គាល់ថា នេះជាការអនុវត្តច្បាប់ បក្សឆ្លៀតប៉ែងបំផ្លើស និងបំប៉ោងទៀតថា ការអនុវត្តច្បាប់នេះមានស្តង់ដារពីរទៅវិញ ដោយលើកពីករណី ញឹក ប៉ុនឆៃ និងគណបក្សហ្វុនស៊ិនប៉ិចទៅវិញ! ចុះខ្លួនម៉េចមិនអនុវត្តឲ្យបានត្រឹមត្រូវតាមក្បួនខ្លួនឯងសម្រាប់ខ្លួនឯងសិនទៅ ចាំបាច់ទៅមើលគេមើលឯងធ្វើអី! ពិតជាគួរបណ្ណសរសើរខាងបំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោងមែន!

៣៖ ថ្ងៃទី២៥ ខែមេសានេះ បក្សព្រះអាទិត្យបានបើកអង្គប្រជុំធំវិសាមញ្ញជាថ្មី ដើម្បីកែប្រែក្បួនរបស់ខ្លួននៅក្នុងប្រការ៤៧ថ្មីជាថ្មី។ សួរថា ម៉េចបានត្រូវកែ គឺដោយសារគាត់ សរសេរលក្ខន្តិកៈ ហើយគាត់អនុវត្តមិនត្រូវ។ គាត់ចែងចងដោយខ្លួនឯងក្នុងប្រការ៤៧ថ្មី នៃលក្ខន្តិកៈថា ការជ្រើសរើសអនុប្រធានបក្សដោយគណៈនាយករបស់បក្ស គឺត្រូវធ្វើក្នុងរយៈពេល ៣០ថ្ងៃ គិតពីថ្ងៃប្រធានបក្សលាលែងតំណែង។ ដល់ពេលអនុវត្ត គាត់អត់គោរពរយៈពេល ៣០ ថ្ងៃដែលចែងក្នុងក្បួនរបស់គាត់។ បើរាជការមិនថាខុស នោះទើបជារឿងចម្លែក។ ឥឡូវបក្សនេះអាចចាប់ផ្តើមចេះគិតឃើញកន្លែងខុសហើយ ហើយក៏ចាប់ផ្តើមចេះគោរពច្បាប់ទម្លាប់ និងវិន័យនគរខ្លះ។ គាត់ដឹងថា អ្វីដែលគាត់ចែងចងក្បាច់ក្បូរច្រើនពរក ពិសេសរយៈពេល៣០ថ្ងៃហ្នឹង គឺអនុវត្តអត់បានទេ ដូចនេះត្រូវដកចេញពីប្រការ៤៧ថ្មីវិញ។ ៣០ថ្ងៃនេះ ក៏គាត់ជាអ្នកដាក់ហើយក៏គាត់ជាអ្នកដកចេញវិញដែរ! រឿងរបស់គាត់ដោះស្រាយដោយគាត់! ហើយ បក្សីចាំក្រុង បួងសួងដល់ទេវតាឆ្នាំថ្មី ជូនពរឲ្យការរៀបចំថ្មីនេះ កុំឲ្យជួបគ្រោះតទៅទៀត ពិសេសឲ្យអនុប្រធានសេះហោះទាំង៣រូប ក្លាយជាអនុប្រធានមិនសេះហោះទៅចុះ!

កំពង់ចាម, ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧
បក្សីចាំក្រុង