(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលជួបសវនាការជាមួយនឹង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា ។
ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ៊្វុក មកកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែមេសាមកនេះ នាយករដ្ឋមន្រ្តីវៀតណាម បានចូលក្រាបទួលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ដើម្បីសម្ដែងការគោរពចំពោះប្រមុខរដ្ឋកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។
ចំណែកនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក នៅវិមានសន្តិភាព ផងដែរ។ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ការងារសំខាន់ៗមួយចំនួនត្រូវបានគេរំពឹងថា នឹងលើកយកមកពិភាក្សា មានដូចជា ការពង្រីកទំនាក់ទំនង ការពង្រីកទំហំពាណិជ្ជកម្ម បញ្ហាសន្តិសុខប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ បញ្ហាទេសចរណ៍ រួមទាំងការងារព្រំដែន រវាងប្រទេសទាំងពីរ។
សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកនាយករដ្ឋមន្រ្តី ង្វៀន សួនហ៊្វុក លើទឹកដីកម្ពុជាលើកដំបូងបង្អស់នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕