(ភ្នំពេញ)៖ រថយន្តកាម៉ារីបាឡែន១គ្រឿង ខណៈកំពុងដឹកឈើប្រណិតរាប់សិបដុំគេចតាមផ្លូវជាតិលេខ៤ សង្ស័យលោតឆ័ត្រទៅព្រំដែន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅមុខសាលារៀនជម្ពូវ័ន្ត ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយជ្រុលបុកម៉ូតូ១គ្រឿងទៀតទៅមុខលែងរួច ឃើញដូចនោះ ជនសង្ស័យបានចុះរត់គេចខ្លួនបាត់ ចំណែកឈើ និងរថយន្តត្រូវធ្លាក់ក្នុងដៃកម្លាំងសមត្ថកិច្ច និងរដ្ឋបាលព្រៃឈើព្រែកព្នៅ។
នគរបាលចោមចៅបានឱ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ រថយន្តដែលដឹកឈើប្រណិតខាងលើ ពាក់ស្លាកលេខ កំពង់ចាម 2A-0324 ហើយក្នុងរថយន្តនោះ មានឈើក្រញូងដុំតូចធំ គិតជាទម្ងន់ ៤០៧គីឡូក្រាម រីឯឈើធ្នង់មាន ៤៨ដុំ។
មន្ត្រីដដែលបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកឈើប្រណិតខាងលើ បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៤ ខណៈមកដលចំណុចកើត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសស្រាល និងខ្ទាតម៉ូតូចូលក្រោមរថយន្តបង្ក បើកទៅមុខលេងរួច ចំណែកម្ចាស់រថយន្តបានរត់ចោលរថយន្តតែម្តង។
ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងនាំយករថយន្តមករក្សារទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ននិងរាយការទៅកាន់ផ្នែកជំនាញរដ្ឋបាលព្រៃឈើព្រែកព្នៅ ទៅរក្សារទុកដើម្បីចាត់ការតាមផ្លូវច្បាប់៕