(បន្ទាយមានជ័យ)៖ កម្លាំងយោធាថៃអង្គភាពលេខ១២ សហការជាមួយតម្រួតខ្លងលឹក ខេត្តស្រះកែវ បានជួយសង្គ្រោះពលករខ្មែរប្រុសស្រីចំនួន ៦៥នាក់ ដែលត្រូវមេខ្យល់ឃាំងទុកក្នុងអគារពាណិជ្ជ២ជាន់មួយ នៅផ្សារឥណ្ឌូចិន ស្រុកអារញ្ញ និងបានទាក់ទងជាមួយកម្លាំងសមត្ថកិច្ចកម្ពុជា ដើម្បីជួយអន្តរាគមន៍ពួកគាត់ឲ្យត្រឡប់មកកម្ពុជាវិញ។
ប្រតិបត្តិការនេះ ធ្វើឡើងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដែលមានកម្លាំងសមត្ថកិច្ចចម្រុះ ប្រើឧបករណ៍គាស់ទ្វារខាងក្រោយអគារ ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនោះ គេឃើញមានសុទ្ធតែពលករខ្មែរប្រុសស្រី រួមទាំងក្មេងៗ អង្គុយបញ្រ្ចៀតគ្នាណែនតាន់តាប់ ទាំងជាន់លើ និងជាន់ក្រោមសរុប ៦៥នាក់។
បើតាមពលករខ្មែរម្នាក់បានប្រាប់ថា អ្នកទាំងអស់គ្នាបានលួចទៅធ្វើការនៅក្រុងបាងកក និងតាមបណ្តាលខេត្តផ្សេងៗទៀត ដោយមានមេខ្យល់ជនជាតិខ្មែរ រស់នៅក្រុងប៉ោយប៉ែត ជាអ្នកទាក់ទងឲ្យលបលួចចូលទៅប្រទេសថៃ តាមបណ្ដាច្រករបៀង។
ពួកគាត់បន្តថា បន្ទាប់មកឲ្យស្នាក់បណ្ដោះអាសន្ននៅអគារខាងលើ តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ដោយយកថ្លៃឈ្នួលនាំផ្លូវក្នុងម្នាក់ៗ ពី២០០០-២៥០០បាត តែមេខ្យល់ឲ្យរង់ចាំសិន បន្តិចទៀត នឹងមានរថយន្តមកទទួលទៅធ្វើការ ប៉ុន្តែរង់ចាំរយៈពេលជាង៣ថ្ងៃហើយ នៅតែមិនមានរថយន្តមកទទួលនោះឡើយ។
សមត្ថកិច្ចកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះ កម្លាំងនគរបាលអន្តោប្រវេសន៍ថៃ ខេត្តស្រះកែវ យកទៅសួរនាំ និងដោះលែងងឲ្យមកកាន់ប្រទេសកម្ពុជាវិញ៕